ផ្កាត្របែកព្រៃដែលងាប់ជាង១ពាន់ដើមត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងដាំជួសឡើងវិញ
AKP បាត់ដំបង ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--
ដើមផ្កាត្របែកព្រៃដែលអាជ្ញាធរខេត្តបានដាំនៅកណ្ដាលទ្រូងផ្លូវតាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីផ្លូវបំបែក ហាយវេ ក្នុងទឹកដីស្រុកសង្កែរហូតដល់ស្រុកមោងឫស្សី ត្រង់ព្រំប្រទល់ខេត្តពោធិ៍សាត់ ដែលក្រុមហ៊ុនស្ថាបនាផ្លូវបានដាំនោះបានងាប់ទៅវិញអស់ប្រមាណជាង១ពាន់ដើម និងត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងដាំជួសឡើងវិញឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។

ការដាំដើមផ្កាត្របែកព្រៃលម្អតាមបណ្តោយផ្លូវជាតិនេះគឺជានាទីរបស់ក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវជាតិលេខ៥ ចាប់ពីភ្នំពេញដល់ក្រុងប៉ោយប៉ែត។ ប៉ុន្តែក្រោយមកគេសង្កេតឃើញដើមផ្កាត្របែកព្រៃត្រូវងាប់ដោយអន្លើនៅតាមដងផ្លូវ ដោយមិនដឹងមូលហេតុព្រោះកន្លែងខ្លះគេសង្កេតឃើញពុំមានការស្រោចទឹកឬយកចិត្តទុកដាក់ថែទាំនោះឡើយ ធ្វើឱ្យស្មៅដុះទ្រុបទ្រុលសឹងតែមើលមិនឃើញដើមផ្កាត្របែកព្រៃ។ ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតមក ក្រុមហ៊ុនបានបញ្ចប់គម្រោងស្ថាបនាទាំងស្រុងហើយក៏បានប្រគល់មកឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបងជាអ្នកគ្រប់គ្រងបន្ត។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានប្រាប់ឱ្យដឹងថា ដោយស្មារតីទទួលខុសត្រូវ និងបន្តថែរក្សាសមិទ្ធផលនេះ មន្ទីជំនាញបានចាត់កម្លាំងឱ្យចុះទៅពិនិត្យមើលដើមផ្កាត្របែកព្រៃដែលងាប់គ្មានមូលហេតុនោះចាប់តាំងពីពាក់កណ្តាលខែមីនាមកម្លេះ។ ក្រោយពីការពិនិត្យជាបន្តបន្ទាប់មន្ត្រីជំនាញបានសង្កេតឃើញថា ការងាប់របស់ដើមផ្កាត្របែកព្រៃនេះគឺភាគច្រើនគឺសត្វដួងស៊ីឫសនៅខាងក្រោមគល់។

ទន្ទឹមនឹងនេះ លោកប្រធានមន្ទីរបានបញ្ជាទៅកម្លាំងឲ្យដាក់ថ្នាំការពារដង្កូវដួងនៅខាងក្រោមគល់ មុននឹងដាំដើមថ្មីជំនួសវិញ និងបានសង្កត់ធ្ងន់ថា រហូតមកដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ការងារដាំដើមផ្កាត្របែកព្រៃនៅលើសួនកណ្តាលទ្រូងផ្លូវចម្ងាយប្រមាណជាង៦០គីឡូម៉ែត្រនេះ ត្រូវបានបញ្ចប់រួចរាល់ហើយគឺដើមផ្កាត្របែកព្រៃងាប់ប្រមាណជាង ១០០០ដើមនោះត្រូវដាំជួសថ្មីឡើងវិញ។
ចំពោះដើមផ្កាត្របែកព្រៃនេះខាងមន្ទីរបានស្នើសុំពីក្រុមហ៊ុនចាស់ដែលនៅសេសសល់ខ្លះ និងទិញបន្ថែមខ្លះ ដើម្បីធ្វើការជួសបំពេញឡើងវិញ។ មន្ទីរសាធារណការខេត្តបានដាក់រថយន្តដឹកទឹកចំនួន៤គ្រឿងដើម្បីស្រោចទឹក និងថែទាំដើមឈើទាំងនេះរៀងរាល់ថ្ងៃក្នុងគោលបំណងឱ្យដើមផ្កាលូតលាស់មានសោភ័ណភាពខៀវស្រងាត់តាមដងផ្លូវនៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនិងពេលដែលផ្កាត្របែកព្រៃ ចេញផ្កាគ្រប់ដើមនៅរដូវផ្ការីកឆ្នាំក្រោយៗ៕
ដោយ សុផល





