ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំប្រជុំអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារតាមប្រព័ន្ធ cdcIPM
AKPភ្នំពេញថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៥៖
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំប្រជុំអន្តរក្រសួង ដើម្បីពិនិត្យវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធ cdcIPM ។

កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ លោក បូរ៉ាត មុនីរ័តន៍ តំណាង ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) រួមជាមួយនិង ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អគ្គនាយករង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស រវាងស្ថាប័នទាំងពីរ ដោយមានការចូលរួមពីមន្ត្រីជំនាញរបស់ក.អ.ក. មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពាក់ព័ន្ធរបស់ក្រសួងមហាផ្ទៃ និងតំណាងលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបប្រមាណ ៤០រូប។

កិច្ចប្រជុំអន្តរក្រសួងស្ថាប័ននាឱកាសនោះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា(ប្រព័ន្ធ cdcIPM) ដែលបន្តពីកិច្ចប្រជុំលើកទី១ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

គួររម្លឹកដែរថា៖ កិច្ចការងារនេះអនុវត្តស្របតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. ដើម្បីធានាបាននូវភាពធន់ និងចីរភាព នៃការរៀបចំយន្តការប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាមដានការអនុវត្តគម្រោងវិនិយោគ។
បន្ថែមពីនោះ កិច្ចការនេះជាទិសដៅដែលបានដាក់ចេញដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក.អ.ក. ក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក.អ.ក. កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ លើការអនុវត្តឱ្យបានពេញលេញលើការប្រើប្រាស់ប្រព័ន្ធ cdcIPM ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត នឹងឈានទៅរៀបចំការបណ្តុះបណ្តាល និងអនុវត្តសាកល្បងនៅត្រីមាសទី២ ដើម្បជាមូលដ្ឋានឆ្ពោះទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ២០២៥៕
ដោយ៖ ចរិយា ប្រភព៖ CDC





