លោកជំទាវ អ៊ឹម រចនា អញ្ជើញប្រគល់សម្ភារបរិស្ថាន និងរួមគ្នាសម្អាតបរិស្ថាន នៅរមណីយដ្ឋានអន្លង់ផ្សោតកាំពីនៃព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេមេគង្គ ដើម្បីគាំទ្រសត្វផ្សោតកម្ពុជា»
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកកម្មវិធីប្រគល់សម្ភារបរិស្ថាន និងចូលរួមគ្នាសម្អាតបរិស្ថាននៅរមណីដ្ឋានអន្លង់ផ្សោតកាំពី ក្នុងព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០គីឡូម៉ែត្រ ដើម្បីគាំទ្រសត្វផ្សោតកម្ពុជា» កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ គណៈកម្មការរមណីយដ្ឋានអន្លង់ផ្សោត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណ១០០នាក់។

ចំពោះមុខអង្គពិធី លោកជំទាវ អ៊ឹម រចនា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម រដ្ឋមន្រ្តី ឌិត ទីណា ជូនចំពោះអង្គពិធីទាំងមូល។ ការសម្អាតបរិស្ថាន មិនថានៅផ្ទះ ឬនៅតាមទីសាធារណៈ គឺជាការងាររបស់យើងគ្រប់គ្នា ដើម្បីអនាម័យ និងសុខុមាលភាពក្នុងការរស់នៅ។ ចំណែកការសម្អាតបរិស្ថាននៅតំបន់រមណីយដ្ឋានកាំពី និងរមណីយដ្ឋានដទៃទៀតឱ្យមានសោភ័ណភាពល្អ កាន់តែសំខាន់ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរដែលមកកម្សាន្ត និងធានាថាកុំឱ្យសំរាមនៅលើគោកធ្លាក់ទៅក្នុងទន្លេមេគង្គ ដែលបង្កការបំពុលបរិស្ថាន និងអាចប៉ះពាល់ដល់សត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ។

លោកជំទាវអនុរដ្ឋលេខាធិការបានបន្ថែមថា ការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ ដ្បិតតែបុគ្គលមួយចំនួនចាត់ថាជាការងារតូចតាច តែជះឥទ្ធិពលធំធេងណាស់ដល់បរិស្ថានទាំងនៅជុំវិញខ្លួនយើង ទាំងនៅក្នុងសហគមន៍នៅក្នុងប្រទេសកម្ពុជា។ ការគ្រប់គ្រង និងថែរក្សាបរិស្ថានតាមដងទន្លេ ជាពិសេសនៅតំបន់រមណីយដ្ឋានកាំពីបានល្អប្រសើរ ជាការធានាថា សត្វផ្សោតនិងធនធានជីវៈចម្រុះនៃទន្លេមេគង្គ នឹងបន្តនៅគង់វង្សស្ថិតស្ថេរសម្រាប់កូនចៅជំនាន់ក្រោយ និងជាចំណែកមួយជួយទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដែលអាចលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតំបន់កាំពីនេះឱ្យកាន់តែរីកចម្រើនថែមទៀត ស្របទៅនឹងគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ «មានហូប មានប្រើ មានបាន និងមានរហូត»៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងកសិកម្ម)





