រដ្ឋមន្ត្រីក្រសួងអប់រំស្វាគមន៍ចំពោះប្រធានថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជ្រើសរើសកម្ពុជាជាប្រទេសទី១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Masato Kanda ប្រធានថ្មីទី១១នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហការីដែលបានជ្រើសរើសកម្ពុជាជាប្រទេសទី១ ដើម្បីបំពេញទស្សនកិច្ចផ្លូវការបន្ទាប់ពីត្រូវបានតែងតាំងជាប្រធានធនាគារអភិវឌ្ឍន៍អាស៊ី និងចូលរួមអបអរសាទរចំពោះលោក Masato Kanda ដែលបានចូលកាន់តំណែងជាប្រធានទី១១ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីចុងខែកុម្ភៈ ឆ្នាំ២០២៥ នេះ។ ការស្វាគមន៍ និងការចូលរួមអបអរសាទររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ចំពោះប្រធានថ្មីនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដូចនេះធ្វើឡើងក្នុងពិធីពិសាអាហារថ្ងៃត្រង់ និងពិភាក្សាការងារមួយ នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញក្តីរំភើបរីករាយចំពោះការអភិវឌ្ឍស្ទើរលើគ្រប់វិស័យនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមពីការបង្កើតគន្លងអប់រំដែលមានភាពបត់បែន ផ្សារភ្ជាប់ការអប់រំតាមបែបវិទ្យាសាស្ត្រជាមួយការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តកម្មវិធីរៀនពេញមួយថ្ងៃ ក៏ដូចជាការធានាឱ្យបាននូវការផ្លាស់ប្តូរដោយរលូនឈានទៅរៀនពេញមួយថ្ងៃ ដែលជាសកម្មភាពអាទិភាពមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា។

ជាការឆ្លើយតប តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចំពោះការបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិកម្ពុជា ជាពិសេសចូលរួមចំណែកគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំជាច្រើនឆ្នាំកន្លងមកនេះ និងបានចែករំលែកពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកំណែទម្រង់ក្នុងវិស័យអប់រំ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកវិស័យអប់រំជាអាទិភាព និងផ្តោតសំខាន់លើការអភិវឌ្ឍមូលធនមនុស្សឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

គួរបញ្ជាក់ដែរថា ធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ពហុភាគីដ៏សំខាន់មួយរបស់កម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការអប់រំ ការគ្រប់គ្រងវិស័យសាធារណៈ។ ដោយឡែកចំពោះវិស័យអប់រំធនាគារអភិវឌ្ឍន៍អាស៊ីបាន និងកំពុងគាំទ្រលើការអនុវត្តគម្រោងចំនួន៣ ដែលរួមមាន៖ ១. គម្រោង Human Capital Competitiveness Project សម្រាប់ការអប់រំមធ្យមសិក្សា ២. កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP 2) និង៣. គម្រោងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP UP)៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





