អ្នកទេសចរប្រមាណជាង២ម៉ឺននាក់នាំគ្នាទៅទស្សនា ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- អ្នកទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីដោយក្នុងនេះច្រើនជាង២ម៉ឺននាក់បាននាំគ្នាមក ដើម្បីរង់ចាំទស្សនាថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត។

បើតាមអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ថា ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនៃ ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្តនេះ គេឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានស្កាត់មកពីទីជិតឆ្ងាយ ដោយរូតរះក្រោកតាំងពីព្រលឹមស្រាងៗ ដើម្បីរង់ចាំទស្សនាទិដ្ឋភាពដ៏កម្រនៃថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរ និងឆ្លៀតចូលទស្សនាសម្រស់ប្រាសាទអង្គរវត្ត នាពេលព្រឹកផងដែរ។

ប្រភពខាងលើនេះបានឱ្យដឹងដែរថា សម្រាប់ព្រឹកថ្ងៃទី២១ ខែមីនានេះ ចាប់តាំងពីម៉ោង៥ព្រឹកមកម្ល៉េះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួនប្រមាណជាង២០,០០០នាក់ បានមករង់ចាំទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតនេះ នៅខាងមុខប្រាសាទអង្គរវត្ត៕



ដោយ៖ ដេប៉ូ





