ប្រធាន ADB គាំទ្រពិពិធកម្មសេដ្ឋកិច្ច និងកំណើនផ្តោតលើពលរដ្ឋជាមូលដ្ឋាន របស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--លោក Masato Kanda ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់សារជាថ្មីអំពីភាពជាដៃគូដ៏រឹងមាំរបស់ ADB ជាមួយកម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន និងការវិនិយោគលើប្រជាពលរដ្ឋ ដើម្បីរក្សាកំណើនប្រកបដោយចីរភាព។ ការគូសបញ្ជាក់បែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅវិមានសន្ដិភាព។

លោក Masato Kanda បានមានប្រសាសន៍ថា៖ «ចំពេលដែលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍដែលផ្តោតលើពលរដ្ឋជាមូលដ្ឋានគឺជាការចាំបាច់។ ADB ប្តេជ្ញាជួយកម្ពុជា ក្នុងការពង្រឹងសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗ ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះបំផុត។»
ជាមួយគ្នានេះ លោក Kanda និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាគ្នាដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការធ្វើឱយមានតុល្យភាពកំណើនសេដ្ឋកិច្ច ជាមួយនឹងនិរន្តរភាពអេកូឡូស៊ី និងការអភិរក្សវប្បធម៌។ ភាគីទាំងពីរក៏បានទទួលស្គាល់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលក្នុងតំបន់ រួមទាំងការចូលរួមរបស់កម្ពុជានៅក្នុងបណ្តាញថាមពលអាស៊ាន ដើម្បីបង្កើនលទ្ធភាពទទួលបាន និងសន្តិសុខថាមពល។

ក្នុងដំណើរទស្សនកិច្ចរបស់ លោក Masato Kanda ក៏បានទស្សនាគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព ដែលគាំទ្រដោយមូលនិធិអភិវឌ្ឍន៍អាស៊ី ដែលកំពុងបង្កើតឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីសមុទ្រ ជំរុញនិរន្តរភាពជលផល និងលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍តំបន់ឆ្នេរ។ ដោយជួបសំណេះសំណាលជាមួយគ្រួសារអ្នកនេសាទ និងសមាជិកសហគមន៍ផ្សេងទៀត លោកបានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ ADB ជាដៃគូអភិវឌ្ឍន៍ពហុភាគីដ៏ធំបំផុតរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគាំទ្រគម្រោងដែលនាំមកនូវផលជះយូរអង្វែង និងប្រកបដោយអត្ថប្រយោជន៍។
លោក Kanda ក៏បានទៅទស្សនកិច្ចវិទ្យាល័យមួយក្នុងខេត្តកែប ដែលគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍ វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី២របស់ ADB ដែលផ្តោតលើការអប់រំផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា(STEM) និងលើកកម្ពស់ការពង្រឹងសមត្ថភាពសិស្សស្រី។ ក្នុងកិច្ចសំណេះសំណាលជាមួយសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូនៅទីនោះ លោក Kanda បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់ឱ្យយុវជននូវជំនាញចំាបាច់ ដើម្បីទទួលបានជោគជ័យក្នុងទីផ្សារការងារដែលកំពុងវិវត្តន៍។
ក្នុងជំនួបជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Masato Kanda បានលើកឡើងពីការគាំទ្ររបស់ ADB លើកំណែទម្រង់សំខាន់ៗក្រោមយុទ្ធសាស្ត្រជាតិរបស់កម្ពុជា ដែលរួមមាន ការពង្រឹងឧស្សាហកម្មដែលមានតម្លៃខ្ពស់ ការគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ការលើកកម្ពស់បរិយាកាសវិនិយោគ និងការពន្លឿនអន្តរកម្មឌីជីថល។ ទន្ទឹមនេះលោក Masato Kanda ក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងក្រសួងធនធានទឹក និងឧតុនិយម ដើម្បីពិភាក្សាឱកាសសហការតាមវិស័យនិមួយៗ។
ក្នុងឱកាសនោះដែរ លោក Masato Kanda ក៏បានផ្លាស់ប្តូរទស្សនៈជាមួយលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិ នៃកម្ពុជា អំពីការពង្រីកលទ្ធភាពទទួលបានសេវាធនាគារ ការបង្កើនជម្រើសនៃការទូទាត់តាមប្រព័ន្ធឌីជីថល និងការអនុវត្តគោលនយោបាយដែលជួយសហគមន៍ជនបទ និងអាជីវកម្មបង្កើតថ្មីឱ្យរីកចម្រើន។
សូមជម្រាបជូនថា គម្រោង ADB មានការកើនឡើងនៅកម្ពុជាដែលមានតម្លៃសរុបប្រមាណ ២,២ ពាន់លានដុល្លាររហូតមកដល់ពេលនេះ។ ក្នុងរយៈពេល ៣ ឆ្នាំកន្លងមក ការសន្យាផ្តល់ហិរញ្ញប្បទានរបស់ ADB សម្រាប់វិស័យសាធារណៈនៅកម្ពុជា មានជាមធ្យមប្រហែល ៣៥០ លានដុល្លារក្នុងមួយឆ្នាំ។ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជារបស់ ADB ឆ្នាំ ២០២៤-២០២៨ គូសបញ្ជាក់ការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់ខ្លួនចំពោះការអភិវឌ្ឍរបស់ប្រទេស៕
ដោយ៖ រិទ្ធី, ប្រភព៖ ADB





