ឯកឧត្តម ទឹម បូរក្ស ដឹកនាំសមត្ថកិច្ចចម្រុះបង្រ្កាបបទល្មើសជលផលក្នុងតំបន់ព្រៃលិចទឹកខេត្តត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការចង្អុលបង្ហាញពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះល្បាតត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅក្នុងតំបន់ព្រៃលិចទឹក ស្ថិតនៅភូមិសាស្ត្រ ឃុំព្រែកអាជី ឃុំទួលស្នួល និងឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ដំណើរចុះល្បាតនេះមានការចូលរួមពីសំណាក់មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដឹកនាំដោយ លោក ជាម ប៉ង នាយរងខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ ដោយមានការចូលរួមសហការពីសមត្ថកិច្ចអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រូចឆ្មារ អភិបាលរង លោក ស៊ុំ រ៉ា ប្រធានសហគមនាគមន៍នេសាទសំបុកសត្វសែនជ័យ លោក វាន់ ចាន់ និងមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកអាជី កងកម្លាំងយាមគោលដៅទី៣ និងទី៤។

ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការចុះល្បាតនេះ ក្រុមការងារពិនិត្យឃើញថា មានព្រៃលិចទឹក និងមានវាលស្រែ កំពុងអាស្រ័យផល មិនមានការកាប់ឆ្ការ ឈូសឆាយ និងទន្រ្ទានយកដីព្រៃលិចទឹក និងធ្វើស្រែកន្លែងថ្មីទៀតឡើយ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលជលផល)





