រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីការបម្រើសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុង ដោយមិនបង់ប្រាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញសូមជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដោយអនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីនឹងរៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយសង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់។

សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។ ដោយឡែក សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន៤៩៧គ្រឿង ព្រមទាំងបានរៀបចំទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗតាមគោលដៅចេញដំណើរផងដែរ៕


ដោយ ៖ សួស សំរិត





