សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការងារអប់រំមិនមែននិយាយត្រឹមតែហេដ្ឋារចនាសម្ព័ន្ធនោះទេ
AKP កណ្ដាល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ការងារអប់រំមិនមែននិយាយត្រឹមតែហេដ្ឋារចនាសម្ព័ន្ធនោះទេ យើងត្រូវនិយាយពីកម្មវិធីសិក្សា យើងនិយាយអំពីមធ្យោបាយ និងសម្ភារសិក្សា យើងនិយាយអំពីលោកគ្រូ អ្នកគ្រូ យើងនិយាយអំពីការយកចិត្តទុកដាក់នៅក្នុងការបង្កើនការចូលរួមរបស់សិស្ស របស់មាតា បិតា អាណាព្យាបាលសិស្ស ព្រោះប្រសិនបើមានតែសាលា តែអត់មានសិស្ស អត់មានគ្រូក៏ជារឿងលំបាក។ អ៊ីចឹងហើយយើងត្រូវធ្វើការដោះស្រាយទាំងបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងដើម្បីកុំឱ្យកូនៗឈប់រៀន ហើយទៅជួយឪពុកម្តាយដើម្បីជីវភាពគ្រួសារ ត្រូវដោះស្រាយនូវរាល់បញ្ហា ដែលនេះហើយគឺជាការយកចិត្តទុកដាក់របស់យើង។

ការថ្លែងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងក្នុងពិធីសម្ពោធអគារសិក្សា ខ្លោងទ្វារ និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការកសាងធនធានមនុស្សគឺជាកិច្ចការដ៏ចាំបាច់ ហើយ ប្រសិនបើយើងទៅសួរឪពុកម្តាយ មិនថាជាអ្នកមាន ឬជាអ្នកអ្នកក្រនោះទេ ពួកគាត់ពិតជានឹងឆ្លើយថា ចង់ឱ្យកូនបានសិក្សារៀនសូត្រ ដើម្បីអនាគតកូនៗរបស់ពួកគាត់ជាក់ជាមិនខាន។ ដូច្នេះសារៈសំខាន់នៃការកសាងធនធានមនុស្សសម្រាប់ប្រទេសជាតិមួយក៏ដូចគ្នា ព្រោះបើយើងខ្វះនូវធនធានមនុស្ស ដែលមានសមត្ថភាពនោះយើងនឹងបាត់នូវភាពឯករាជ្យ ម្ចាស់ការ យើងនៅតែពឹងគេ តួយ៉ាងដូចនៅក្រោយពេលរំដោះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានពឹងលើអ្នកជំនាញការវៀតណាម សហភាពសូវៀត និងប្រទេសលោកខាងកើតដទៃៗទៀត ដើម្បីឱ្យជួយធ្វើកិច្ចការឱ្យយើង ព្រោះយើងខ្វះអ្នកចេះដឹង ដោយអ្នកចេះដឹងរបស់យើងជាច្រើនត្រូវបានពួក ប៉ុល ពត កាប់សម្លាប់ ហើយក្រោយការធ្វើសមាហរណកម្មលើកដំបូងនៅក្រោយឆ្នាំ១៩៩០ យើងនៅពឹងអ្នកជំនាញជាច្រើនពីស្ថាប័នអន្តរជាតិ និងពីប្រទេសផ្សេងៗទៀតឱ្យគេជួយធ្វើផែនការ រៀបចំកម្មវិធីគោលនយោបាយសេដ្ឋកិច្ចរបស់យើង តែបច្ចុប្បន្ននេះយើងធ្វើបានដោយខ្លួនឯងថ្វីបើយើងនៅមានទីប្រឹក្សាជាបរទេសមួយចំនួនចូលរួមផ្តល់ជាគំនិត យោបល់ក៏ដោយចុះ តែគោលការណ៍នៃភាពម្ចាស់ការក្នុងការកសាងផែនការគឺយើងធ្វើដោយខ្លួនឯងទាំងអស់។
ខណៈដែលកម្ពុជាបានខិតខំក្នុងការពង្រឹងទាំងមធ្យោបាយ ទាំងសមត្ថភាព ដើម្បីធ្វើកិច្ចការទាំងនេះដោយខ្លួនឯង ហើយថានៅក្នុងវិស័យអប់រំក៏ដូចគ្នាតួយ៉ាងកាលពីមុនដូចជាសាលាពេទ្យ និងសាលាតិចណូជាដើមគឺមានភាគីបារាំងជួយច្រើន តែឥឡូវយើងបានម្ចាស់ការដោយខ្លួនឯង ព្រោះដោយសារតែកម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ក្នុងការម្ចាស់ការដោយខ្លួនឯងបាន ផ្ទុយកាលពីអតីតកាលដែលកម្ពុជាបានពឹងពាក់ទៅលើបរទេសយ៉ាងច្រើននោះ៕
ដោយ៖ ចាន់ សុភឿន





