គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តសៀមរាប បើកកិច្ចប្រជុំត្រួតពិនិត្យការងារនិងអនុម័តលើកំណត់ហេតុ និងរបាយការណ៍ផ្សេងៗ
AKP សៀមរាប ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ( គ.ក.ស.ក) ខេត្តសៀមរាប អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៩ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប ដើម្បីត្រួតពិនិត្យការងារសម្រាប់ខែមីនា និងរបាយការណ៍ប្រចាំត្រីមាសទី១នៃឆ្នាំ២០២៥ ព្រមទាំងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមវត្តមានរបស់លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារនៃក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី ជាសមាជិក តំណាងមន្ទីរពាក់ព័ន្ធ ក្រុមការងារ អង្គការដៃគូ តំណាងក្លឹបកុមារ និងយុវជនរបស់សមាគមយុវជនខ្មែរមកពីស្រុកស្រីស្នំ បន្ទាយស្រីនិងស្រុកអង្គរជុំ សរុបចំនួន៣៨នាក់។

ក្នុងកិច្ចប្រជុំនោះ លោកជំទាវ ស៊ិន ណម បានលើកឡើងពីគោលបំណងនៃកិច្ចប្រជុំថា ក្រៅពីត្រួតពិនិត្យលើរបាយការណ៍ការងារ កិច្ចប្រជុំក៏បានលើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់បទដ្ឋានគតិយុត្តជាតិនិងអន្តរជាតិដែលមានស្រាប់ សំដៅការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទនៅខេត្តសៀមរាបដែលបានអនុវត្តក្នុងពេលកន្លងមក។ ហើយលោកជំទាវបានធ្វើការជំរុញដល់គ.ក.ន.កឃុំ-សង្កាត់ តាមដានករណីបណ្ណក្រីក្រជាមួយមន្ទីរផែនការខេត្ត និងចុះពិនិត្យតាមដានកុមារដែលបានបោះបង់កាសិក្សាឱ្យបានចូលរៀនទៀងទាត់វិញ និងសូមឱ្យក្រុង ស្រុក ត្រូវបន្តការខិតខំអនុវត្តទៅតាមសមត្ថកិច្ចជំនាញរបស់ខ្លួន។ ហើយម៉្យាងទៀតវិស័យដែលពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការជាមួយអជ្ញាធរមានសមត្ថកិច្ចឃុំ សង្កាត់ និងក្រុង ស្រុក ខេត្ត ក្នុងការអនុវត្តឱ្យទទួលបានលទ្ធផលល្អ។

គួរបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំសាមញ្ញលើកទី៩នេះបានដំណើរការតាមរបៀបវារៈដែលបានគ្រោងទុក ដោយបានធ្វើការពិនិត្យនិងអនុម័តសេចក្ដីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ និងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តការងារប្រចាំខែមីនា និងប្រចាំត្រីមាសទី១ឆ្នាំ២០២៥ របស់គ.ក.ស.កនៃរដ្ឋបាលខេត្ត ព្រមទាំងរបាយការណ៍ស្ថានភាពស្ត្រី យុវជន កុមារ និងជនងាយរងគ្រោះតាមវិស័យពាក់ព័ន្ធ ដូចជាក្នុងវិស័យអប់រំ សុខភាព អនាម័យទឹកស្អាត សន្តិសុខស្បៀង សង្គមកិច្ច ពលកម្មកុមារ សមភាពយេនឌ័រ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ធម្មការ និងសាសនា ព្រមទាំងបានត្រួតពិនិត្យអនុម័តលើសេចក្ដីព្រាងផែនការសកម្មភាពប្រចាំខែមេសាឆ្នាំ២០២៥ទៀតផង៕


ដោយ ហង្ស សៀក





