ឯកឧត្តម ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារជាមួយប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បានអនុញ្ញាតជូនលោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់វិស័យទូរគមនាគមន៍ ការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការដាក់ឱ្យប្រើប្រាស់ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ការធ្វើកំណែទម្រង់ច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមសមត្ថកិច្ចក្រសួង ការរៀបចំបង្កើតសួនបច្ចេកវិទ្យាឌីជីថល និងការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់។

ជាការឆ្លើយតប លោក Casey Barnett បានកោតសរសើរលើសមិទ្ធផលដែលក្រសួងសម្រេចបានលើវិស័យទូរគមនាគមន៍ វិស័យឌីជីថល បរិវត្តកម្មឌីជីថល ការបណ្តុះបណ្តាលមន្ត្រីរាជការលើជំនាញឌីជីថលចាំបាច់ និងភាពជោគជ័យលើការអភិវឌ្ឍថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីល។

ជាមួយគ្នានេះដែរ លោក Casey Barnett បានគូសបញ្ជាក់អំពីការគាំទ្រដំណើរការនៃការកែទម្រង់របស់ក្រសួង និងបន្តជំរុញទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកវិនិយោគលើវិស័យឌីជីថលនៅកម្ពុជា ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
ដោយ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍)





