អនុប្រធានទី២ ព្រឹទ្ធសភា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំរុញការប្រើប្រាស់រៀល
AKP ភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនាអនុប្រធានទី២ ព្រឹទ្ធសភា ស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុចដើម្បីជុំរុញការប្រើប្រាស់រៀល ។ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេ ចអ គ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ សិក្ខាសាលាស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) និងពិធីអបអរសាទរទិវាប្រាក់រៀល ខួបលើកទី៤៥ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០- ២០ មីនា ២០២៥) នាថ្ងៃត្រង់ទី២០ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត បានលើកអំពីវឌ្ឍនភាពសំខាន់ៗបី ដែលបានកើតមានក្នុងវិស័យ ធនាគារ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីនៃព្រះរាជានាចក្រកម្ពុជា ដែលពេលនោះមាន ឯកឧត្តម ជា ចាន់តូ ជាទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ទី១ ជនបទមានអត្រាការប្រាក់ប្រចាំឆ្នាំគឺប្រមាណ ៤០-៥០% នៅក្នុងរង្វង់ឆ្នាំ២០០០ ប៉ុន្តែបានធ្លាក់ចុះមកត្រឹម ១៨% ជាអតិបរមា នាពេលបច្ចុប្បន្ន។ ទី២ សេវាធនាគារ បានរីកដុះដាលពីទីក្រុងដល់ជនបទ និងមានភាពរឹងមាំ។ ទី៣ បច្ចេកវិទ្យាឌីជីថល បានរីកចំរើនលឿន ជាក់ស្តែងគឺ KHQR បានក្លាយជាមោទនភាពមួយរបស់ខ្មែរយើង។

ទន្ទឹមនឹងការវិវត្តរីកចំរើនទាំងឡាយដែលបានកើតឡើង កម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចមហា បវរធិបតី ហ៊ុន ម៉ាណែត យើងទាំងអស់គ្នា មិនមែនតែធនាគារជាតិនៃកម្ពុជា ម្នាក់ឯងនោះទេ ត្រូវរួមគ្នាសិក្សា និងសហការគ្នា ធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពតទៅមុខទៀត។

ក្នុងនាមជាសមាជិកព្រឹទ្ធសភាម្នាក់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានស្នើធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធពិចារណាលើ ៣ចំណុច៖១-បង្កើនការប្រើប្រាក់រៀល តាមរយៈការផ្តល់នូវប្រយោជន៍ ដូចជាកម្ចីប្រាក់រៀលមាន ការប្រាក់ទាបជាងរូបបិយវត្ថុផ្សេងៗទៀត ឬបើការប្រើ KHQR ផ្ទេរប្រាក់ត្រូវបង់ថ្លៃសេវា សូមពិចារណាបន្តមិនយកថ្លៃសេវា សម្រាប់ការផ្ទេរប្រាក់រៀល។២-បញ្ឈប់ធនាគារ មិនឱ្យកាត់ប្រាក់របស់អតិថិជន ពីក្នុងគណនីដែលត្រូវបានព្យួរ។៣-រៀបចំច្បាប់ក្ស័យធនធនាគារ ដើម្បីការពារប្រយោជន៍អតិថិជន និងបង្កើនជំនឿក្នុងការសន្សំប្រាក់ក្នុងធនគារ៕

ដោយ៖ប៊ុនរិទ្ធ





