លោកជំទាវ ម៉េង វ៉ាន់ដានីន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនស្រ្តីក្រីក្រប្រសូតបានបុត្រភ្លោះ៣នាក់
AKP កំពង់ស្ពឺ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥--
លោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ អមដំណើរដោយគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី រ៉ូន ស្រីរ័ត្ន អាយុ២៨ឆ្នាំ និងប្តីឈ្មោះ កែវ រស្មី អាយុ ៣៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានកូនភ្លោះ៣នាក់ (ប្រុសទាំង៣) និងកូនស្រីបង២នាក់ក្នុងបន្ទុក ដែលមានជីវភាពទីទ័លក្រ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ កាលពីឆ្នាំ២០១៨ ប្តីប្រពន្ធទាំង២នាក់នេះ រស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស៉ីឈ្នូលជាជ័រ និងបេះស្វាយចន្ទីឱ្យគេ រហូតមកដល់ចុងឆ្នាំ២០២៤ បានមករស់នៅខេត្តកំពង់ស្ពឺ ដើម្បីរកការងារធ្វើ សព្វថ្ងៃជួលផ្ទះគេនៅ ស្ថិតនៅភូមិត្រពាំងសាប ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្នុងគ្រានោះសម្ភារ និងថវិកាដែលត្រូវប្រគល់ រួមមាន អង្ករចំនួន២០០គីឡូក្រាម មី ៤កេស ត្រីខ៤យួរ ប្រេងឆា៤ដប ទឹកត្រី៤យួរ ថវិកាចំនួន១លានរៀល និងលោកជំទាវ ម៉េង វ៉ាន់ដានីន បានផ្តល់ថវិកាផ្ទាល់ខ្លួនចំនួន២លានរៀល និងសម្លៀកបំពាក់ សម្ភារមួយចំនួនផងដែរ។

ក្នុងឱកាសនោះ លោកជំទាវបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ជាពិសេសពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

សូមបញ្ជាក់ដែរថា កាលពីខែកក្កដា ឆ្នាំ២០២៤ កន្លងមក សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តំណាងឱ្យយកសម្ភារ និងថវិកាចំនួន៥លានរៀលមកប្រគល់ជូនដល់ឪពុកម្តាយកូនភ្លោះ៣នាក់ផងដែរ ៕

ដោយ លឹម សាន្ត





