ឯកឧត្តម ប៊ិន ត្រឈៃ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលចុងក្រោយនៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលចុងក្រោយនៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

បន្ទាប់ពីរបាយការណ៍របស់ឯកឧត្តម ទ្រី ប្ញទ្ធា នាយកវិទ្យាស្ថានជាតិស្ថិតិ លោកស្រី Sandra Bernklau តំណាង UNFPA ប្រចាំនៅកម្ពុជា បានថ្លែងចំណាប់អារម្មណ៍ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការរៀបចំគោលនយោបាយផ្អែកលើទិន្នន័យនិងភស្តុតាង ការប្រមូលទិន្នន័យជាទៀងទាត់ ដែលក្នុងនោះមានការធ្វើជំរឿនប្រជាជនរៀងរាល់ ១០ឆ្នាំម្តង ក៏ដូចជាការធ្វើអង្កេតចន្លោះជំរឿន ដែលសម្រេចបានរបាយការណ៍លទ្ធផលចុងក្រោយ នៃអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ (The 2024 CIPS) ក្នុងឱកាសនេះផងដែរ។
លោកស្រីបានគូសបញ្ជាក់បន្ថែមថា ទិន្នន័យជាក់លាក់ និងទាន់ពេលវេលា មានសារៈសំខាន់ណាស់ក្នុងបរិការណ៍នៃការប្រែប្រួលឆាប់រហ័សរបស់ពិភពលោកបច្ចុប្បន្ន។ យើងទាំងអស់គ្នា កំពុងរស់នៅក្នុងយុគនៃការប្រែប្រួលដែលមិនធ្លាប់មានពីមុនមក ភាពជឿនលឿននៃបច្ចេកវិទ្យា ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមអាកាសធាតុ ការធ្វើឱ្យទិន្នន័យទាន់ពេលវេលា និងអាចជឿទុកចិត្តបានមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ទិន្នន័យជួយឱ្យយើងស្វែងយល់ពីការប្រែប្រួលទាំងនេះ និងអាចឆ្លើយតបបានត្រឹមត្រូវដោយឈរលើភស្តុតាង ចៀសជាងផ្អែកលើអារម្មណ៍។ សារៈសំខាន់នៃ The 2024 CIPS ដែលឆ្លុះបញ្ចាំងពីដំណើរវិវត្តន៍នៃចំនួនប្រជាជនកម្ពុជា និងគូសបង្ហាញពីការរកឃើញសំខាន់ៗមួយចំនួនផងដែរ។ ការប្រែប្រួលប្រជាសាស្ត្រទាមទារឱ្យមានគោលនយោបាយគិតឆ្ពោះទៅមុខ (forward-thinking policies) សម្រាប់កម្ពុជា ក្នុងការប្រកួតប្រជែងនាពេលអនាគត ខណៈបង្កើនឱកាសឱ្យកាន់តែច្រើន។ ដើម្បីចូលរួមគាំទ្រដំណើរការនេះ UNFPA មានគម្រោងសហការជាមួយរាជរដ្ឋាភិបាលនៅឆ្នាំក្រោយ លើការវិភាគលំហូរសេដ្ឋកិច្ចតាមជំនាន់, ឬត្រូវបានស្គាល់ថាជា ការវិភាគគណនីបង្វែរជាតិ (NTA analysis)។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជំនាញនៃវិទ្យាស្ថានជាតិស្ថិតិ មន្ទីរផែនការរាជធានីខេត្ត ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការអនុវត្តអង្កេតចន្លោះជំរឿនប្រជាជននៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៤ រហូតសម្រេចបានលទ្ធផលតាមការរំពឹងទុក។ បើទោះជាវិទ្យាស្ថានជាតិស្ថិតិ ត្រូវបានកែសម្រួលទៅជាគ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ជាតិ វិទ្យាស្ថានជាតិនៅតែរក្សានូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួន គឺការបន្តបំពេញតួនាទីជាអង្គភាពផលិតស្ថិតិផ្លូវការជូនរាជរដ្ឋាភិបាល។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា អង្កេតចន្លោះជំរឿនប្រជាជនឆ្នាំ២០២៤ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការប្រើប្រាស់ថវិកាជាតិទាំងស្រុង។ របាយការណ៍ចុងក្រោយនៃអង្កេតនេះនឹងផ្ដល់ជូននូវទិន្នន័យ និងព័ត៌មានស្ថិតិស្ដីពីប្រជាជន សុខភាព និងបញ្ហាសង្គមផ្សេងៗ ដែលអាចប្រើដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិដូចជា ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (CSDGs) គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ កម្មវិធីសុខភាពមាតានិងទារក កម្មវិធីសង្គមកិច្ចនិងស្តារនិតិសម្បទាសម្រាប់ជនពិការ យុទ្ធសាស្រ្តនារីរតនៈរបស់ក្រសួងកិច្ចការនារី និងផែនការតាមវិស័យជាច្រើនទៀត ដើម្បីគាំទ្រយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

បន្ថែមពីនេះ លទ្ធផលអង្កេតនេះនឹងបំពេញតម្រូវការប្រើប្រាស់ទិន្នន័យរបស់ប្រព័ន្ធស្ថិតិជាតិ លេខាធិការអាស៊ាននិងអន្តរជាតិ ជាពិសេសផ្តល់ទិន្នន័យគ្រប់គ្រាន់ ជូនរាជរដ្ឋាភិបាលសម្រាប់ការធ្វើរបាយការណ៍អំពីវឌ្ឍនភាពស្ត្រីប្រចាំឆ្នាំទៅកាន់អង្គការសហប្រជាជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសូចនាករគន្លឹះមួយចំនួន ដែលទាញចេញពីរបាយការណ៍អង្កេតនេះ ដែលក្នុងនោះរួមមាន៖ ១. សូចនាករប្រជាសាស្រ្ត ២.ការបែកចែកប្រជាជន ៣.ស្ថានភាពអាពាហ៍ពិពាហ៍ ៤.អក្ខរភាព និងការអប់រំ ៥.ការចូលរួមសកម្មភាពសេដ្ឋកិច្ច (កម្លាំងពលកម្ម) ៦.បម្លាស់ទី និងទេសន្តរប្រវេសន៍ ៧.លទ្ធភាពបង្កើតកូន ៨.មរណភាព ៩.ពិការភាព ១០. លក្ខណៈផ្ទះសំបែង និងគ្រួសារ៕
ដោយ ពេជ្រ សំអឿន(ប្រភព៖ ក្រសួងផែនការ)





