អគារផ្នែកជំងឺកុមារ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ តម្លៃជិត ១លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
AKP ក្រចេះ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥
ឯកឧត្ដម សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្ដម នេត ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារផ្នែកជំងឺកុមារចំនួន ១ខ្នង កម្ពស់ ២ជាន់ នៃមន្ទីរពេទ្យបង្អែកខេត្តក្រចេះ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ, លោក វីលៀមហៅស្វីត ប្រធានក្រុមប្រឹក្សាភិបាល និងជានាយកប្រតិបត្តិអង្គការ មណ្ឌលថែទាំសុខភាពកុមារចេនឡា រួមទាំងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគីរី ខេត្តរតនគីរី លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ជាច្រើនទៀត។

ឯកឧត្ដម សាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងបញ្ជាក់ថា អគារដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ គឺជាសមិទ្ធផលដ៏ថ្មីមួយទៀត ដើម្បីបម្រើសេវាសុខាភិបាល ជូនដល់កុមារកម្ពុជា ប្រកបដោយស័ក្តិសិទ្ធិភាពដល់កុមារកម្ពុជា ជាពិសេសកុមារ និងទារកនៅមូលដ្ឋានខេត្តក្រចេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា៖ «វិស័យសុខាភិបាល រីកចម្រើនទៅបាន គឺត្រូវមានការចូលរួមចំណែក ពីគ្រប់ភាគីពាក់ព័ន្ធ។ ជាក់ស្ដែនៅថ្ងៃនេះ ក្នុងនាមក្រសួងសុខាភិបាល និងរូបខ្ញុំផ្ទាល់ ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអង្គការមណ្ឌលថែទាំសុខភាពកុមារចេនឡា ដែលបានចូលរួមពង្រឹងសមត្ថភាពវិស័យសុខភាពសាធារណៈនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ក្នុងការថែទាំកុមារមានជំងឺ និងរបួសធ្ងន់ធ្ងរ ស្របតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិរបស់ក្រសួងសុខាភិបាល ឆ្លើយតបតាមតម្រូវការសេវារបស់ប្រជាជន ពិសេសផ្នែកជំងឺទារក និងកុមារ និងបានជួយសាងសង់អគារផ្នែកជំងឺកុមារចំនួន ១ខ្នង មានកម្ពស់ ២ជាន់ ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ»។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ដ្រី ក៏បានថ្លែងអរគុណដល់ ឯកឧត្ដមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ ដែលបានជួយឧបត្ថម្ភថវិកាចំនួន ១ម៉ឺនដុល្លារ សម្រាប់រុះរើអគារចាស់ និងបន្ថែមគ្រឹះក្រោមអគារថ្មីផ្នែកជំងឺកុមារនេះផងដែរ។ ទន្ទឹមនេះ ឯកឧត្ដម សាស្ត្រាចារ្យ ឈាង រ៉ា ក៏សូមថ្លែងអំណរគុណចំពោះ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដែលបានឧបត្ថម្ភគាំទ្រដល់មន្ទីរសុខាភិបាលខេត្តក្រចេះ។
ក្នុងឱកាសនោះ ក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ, ឯកឧត្ដម នេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្ម និងអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យមានការរីកចម្រើនកាន់តែខ្លាំងក្រោមការដឹកនាំប្រកបដោយថាមពល និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដឹកនាំបន្តពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។

ឯកឧត្ដមជឿជាក់ថា អគារនេះនឹងបម្រើសេវាយ៉ាងសកម្មចូលរួមកាត់បន្ថយអត្រាមរណភាពទារក និងកុមារដោយផ្ដល់នូវការព្យាបាលជំងឺកុមារសម្រាប់កុមារនិងទារកក្នុងខេត្តក្រចេះ និងបណ្តាខេត្តនានាជាពិសេសផ្តល់ភាពងាយស្រួល និងរុញសេវាបានជិតបងប្អូនប្រជាពលរដ្ឋនៅក្នុងបណ្តាខេត្តនៅភូមិភាគឦសានដែលពីមុនធ្លាប់តែឆ្ងាយ ប៉ុន្តែឥឡូវនេះ បានកៀកជិត និងប្រកបដោយជំនឿទុកចិត្តខ្ពស់ ដោយមិនចាំបាច់ធ្វើដំណើរវែងឆ្ងាញទៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ ឬបណ្តាខេត្តផ្សេងទៀតដូចពីមុន។

សូមបញ្ជាក់ផងដែរថា អគារផ្នែកជំងឺកុមារថ្មីខាងលើនេះ ត្រូវបានសាងសង់ឡើងដោយគម្រោងរបស់អង្គការមណ្ឌលថែទាំសុខភាពកុមារ ចេនឡា ស្ថិតក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលមានបណ្ដោយប្រវែង ៤០ម៉ែត្រ ទទឹងប្រវែង ១៤ម៉ែត្រ និងមានគ្រឹះក្រោមអាចសាងសង់បាន ៥ជាន់ នៅពេលខាងមុខ ដែលបច្ចុប្បន្នបានសាងសង់កម្ពស់ ២ជាន់ ហើយសាងសង់មានរយៈពេល ៨ខែ ចាប់ពីខែឧសភា ឆ្នាំ២០២៤ ដល់ដើមខែមករា ឆ្នាំ២០២៥ ដោយចំណាយថវិកាសរុបចំនួន ៩៤៥ ៥៦០ដុល្លារ៕

ដោយ៖ រិទ្ធី រូបថត៖ ឡុង ដេវីត





