យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តបន្ទាយមានជ័យស្ដីទី បានមានប្រសាសន៍ថា យុវជនគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ។ ពួកគាត់មានភាពច្នៃប្រឌិត និងស្មារតីស្នេហាជាតិខ្ពស់ ដែលអាចនាំមកនូវគំនិតថ្មីៗ និងវិធីសាស្រ្តច្នៃប្រឌិតក្នុងការផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក។ ការថ្លែងយ៉ាងដូច្នេះរបស់លោក លី សុវណ្ណារិទ្ធ បានធ្វើឡើងនាថ្ងៃព្រហស្បតិ៍ ទី២០ ខែមីនា ឆ្នាំ២០២៥ ក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ "យុវជនដើម្បីវប្បធម៌ជាតិ" ត្រូវបានរៀបចំឡើងយ៉ាងឱឡារិកនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពរបស់ ឯកឧត្តម យុត ស្វីនី សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីអភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ មន្ទីរនានា លោកគ្រូ អ្នកគ្រូ គរុសិស្ស សិស្ស និស្សិតប្រមាណជាង៤០០នាក់។

លោក លី សុវណ្ណារិទ្ធ បានបញ្ជាក់ថា ការប្រារព្ធអបអរសាទទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរំលឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសរបស់យើង ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្តីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិទាំងនេះឱ្យស្ថិតស្ថេរគង់វង្សកិច្ចការពារបេតិកភណ្ឌវប្បធម៌ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។

លោក លី សុវណ្ណារិទ្ធ បានថ្លែងទៀតថា វប្បធម៌ជាតិគឺជាព្រលឹងនៃជាតិដែលបង្ហាញពីអត្តសញ្ញាណ និងភាពរុងរឿងរបស់ប្រទេសកម្ពុជា និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចូលរួមរបស់យុវជនក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ ព្រោះយុវជនគឺជាទំពាំងស្នងឫស្សី ដែលនឹងបន្តវេនក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដ៏សម្បូរបែបរបស់ខ្មែរ។

ជាមួយគ្នានោះដែរ លោក យង់ តាំងកួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានធ្វើរបាយការណ៍ស្តីពីសកម្មភាព និងសមិទ្ធផលរបស់មន្ទីរក្នុងការលើកស្ទួយវប្បធម៌ជាតិក្នុងខេត្តបន្ទាយមានជ័យ។ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានខិតខំប្រឹងប្រែងក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិ តាមរយៈការរៀបចំកម្មវិធីវប្បធម៌ផ្សេងៗ ការបណ្តុះបណ្តាលសិល្បករ និងការគាំទ្រសិប្បករក្នុងស្រុក។ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៥ នៅខេត្តបន្ទាយមានជ័យ បានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល ដោយបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋក្នុងការថែរក្សា និងលើកស្ទួយវប្បធម៌ជាតិឱ្យកាន់តែរុងរឿង៕
ដោយ ឈុន សារ៉ាត





