ការលក់សំបុត្រតាមប្រព័ន្ធឌីជីថលសម្រាប់អ្នកទេសចរអន្ដរជាតិទស្សនាអង្គរដំណើរការល្អប្រសើរ
AKP សៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- អគ្គនាយកគ្រឹះស្ថានអង្គរបានបញ្ជាក់ថា ការអនុវត្ដកំណែទម្រង់ប្រព័ន្ធលក់សំបុត្រ និងការត្រួតពិនិត្យសំបុត្រសម្រាប់ភ្ញៀវទេសចរអន្ដរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ ដោយប្រព័ន្ធឌីជីថលបានដំណើរការល្អប្រសើរ ខណៈដែលបច្ចុប្បន្ននេះ មានអ្នកទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរប្រមាណជាង៤ពាន់នាក់ក្នុងមួយថ្ងៃ។

ឯកឧត្ដម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានឱ្យដឹងនាពេលថ្មីៗនេះថា ក្រោយពីរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ដកំណែទម្រង់លក់សំបុត្រតាមប្រព័ន្ធឌីជីថលកាលពីខែមករាកន្លងមក មានភ្ញៀវទេសចរអន្ដរជាតិ ក៏ដូចជាភ្នាក់ងារទេសចរបានទិញសំបុត្រតាមតាមកំណែទម្រង់ថ្មីនេះ មានប្រមាណ២៥ភាគរយ ដែលមានចំនួន៣ប្រភេទ រួមមាន៖ តាមប្រព័ន្ធអនឡាញ គេហទំព័ររបស់គ្រឹះស្ថានអង្គរ www.angkorenterprise.gov.kh តាមម៉ូបាលអេប Mobile App និង Google និង Apple store និងទិញសំបុត្រតាម Self-Service Machine ដែលបានដាក់ទីតាំងចំនួន៣កន្លែង សរុបមានចំនួន១៥គ្រឿង គឺនៅកន្លែងលក់សំបុត្រគ្រឹះស្ថានអង្គរចំនួន៦គ្រឿង នៅប៉ាវីសអង្គរចំនួន៦គ្រឿង នៅផ្សារទំនើបដឺហេរីថេកវ៉កចំនួន៣គ្រឿង និងនៅបញ្ជរលក់សំបុត្រ។

ឯកឧត្ដមបានបន្ដថា ការលក់សំបុត្របែបនេះបានដំណើរការល្អប្រសើរលើសពីការរំពឹងទុក ជាពិសេសភ្ញៀវទេសចរទស្សនារមណីយដ្ឋានអង្គរជាលក្ខណៈគ្រួសារ ដែលពួកគាត់មានការពេញចិត្ដ និងជឿទុកចិត្ដលើរាជរដ្ឋាភិបាលដែលបានបង្កើតការលក់សំបុត្រមានភាពងាយស្រួលដល់ពួកគាត់។ បើទោះមានការលក់សំបុត្រសម្រាប់អ្នកទេសចរទស្សនារមណីយដ្ឋានអង្គរដោយប្រព័ន្ធឌីជីថលក្ដី ប៉ុន្ដែភ្ញៀវទេសចរអន្ដរជាតិនៅតែទិញសំបុត្រនៅគ្រឹះស្ថានអង្គរ ដែលភាគច្រើនជាភ្ញៀវទេសលក្ខណៈក្រុមហ៊ុន ដែលមានប្រមាណ៧៥ភាគរយ។ បច្ចុប្បន្ននេះមានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានជាង៤០០០នាក់ក្នុងមួយថ្ងៃ ហើយរំពឹងថា ក្នុងរយៈពេលខែមីនាឆ្នាំ២០២៥នេះនៅតែរក្សាតួលេខដដែល។

ទន្ទឹមនឹងនេះ ឯកឧត្ដម លី សែ បញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ភ្ញៀវទេសចរទិញសំបុត្រតាមបញ្ជលក់សំបុត្រមានចំនួន២៦៣៥៥០នាក់ ក្នុងនោះទិញសំបុត្រតាមម៉ាស៊ីនស្វ័យប្រវត្ដិមានចំនួន៥៤០០នាក់ ទិញសំបុត្រតាមអនឡាញ៦០៣៧២នាក់ ទិញសំបុត្រតាមម៉ូបាលអេបមានចំនួន១៩៩៦១នាក់៕
ដោយ ឃុត សៅ





