រដ្ឋមន្ត្រីក្រសួងវប្បធម៌បានបង្ហាញថា ប្រទេសចិនប្តេជ្ញាចិត្តខ្ពស់ក្នុងការជួសជុលប្រាសាទបុរាណខ្មែរ
AKP សៀមរាប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសបិទកិច្ចប្រជុំពេញអង្គនិងបច្ចេកទេសលើកទី១០នៃគណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋាន វប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅខេត្តសៀមរាប បានបង្ហាញថា ប្រទេសចិនបានប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការជួសជុលប្រាសាទបុរាណរបស់ខ្មែរ ទាំងនៅប្រាសាទនៅខេត្តព្រះវិហារ និងនៅរមណីយដ្ឋានអង្គរនៃខេត្តសៀមរាប។

លោកជំទាវរដ្ឋមន្ត្រីបានបន្តថា កន្លងមកប្រទេសចិនបានជួយជួសជុលប្រាសាទបុរាណខ្មែរ នៅតំបន់រមណីយដ្ឋានអង្គរ ដូចជាប្រាសាទចៅសាយទេវតា និងប្រាសាទតាកែវរួចហើយ។ ចំណែកនៅប្រាសាទព្រះវិហារ ប្រទេសចិន បានធ្វើការសិក្សាអំពីការជួសជុល គោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ដែលការជួសជុលគោបុរៈទាំងបីនេះ ត្រូវប្រើពេលយូរ។ គ្រាន់តែគោបុរៈទី៣តែមួយ អ្នកជំនាញត្រូវប្រើពេលជួសជុលដល់ទៅ៨ឆ្នាំ។ ប៉ុន្តែទោះជាប្រើពេលយូរយ៉ាងដូចនេះក្តី ប្រទេសចិនបានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើកិច្ចការងារនេះ។

លោកជំទាវ ភឿង សកុណា បន្តថា ជាមួយគ្នានេះដែរ ក៏មានបណ្តាប្រទេសជាច្រើន ក៏ដូចជាបណ្តាវិទ្យាស្ថានជាតិ និងអន្តរជាតិមួយចំនួន ក៏បានជួយជួសជុលប្រាសាទព្រះវិហារដែរ។ ជាក់ស្តែងដូចជាប្រទេសឥណ្ឌាជាដើម។ ឥណ្ឌាដែលជាសហប្រធាន អាយស៊ីស៊ី ព្រះវិហារ បានធ្វើការសិក្សាលើការជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារផងដែរ។
សូមជម្រាបថា គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី១០នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ ឯកឧត្តម LI Qun អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ ជាសហប្រធានចិន និងឯកឧត្តម Vanlalvawna BAWITLUNG ឯកអគ្គរដ្ឋទូតនៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាសហប្រធានឥណ្ឌា ព្រមទាំងតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ-អន្តរជាតិ សរុបប្រមាណ១០០រូប ដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្សនិងអភិវឌ្ឍន៍ តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ កិច្ចប្រជុំនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីរដ្ឋបាលបេតិកភណ្ឌវប្បធម៌ (NCHA) និងបណ្ឌិត្យសភាបេតិកភណ្ឌវប្បធម៌នៃប្រទេសចិន (CACH) និងអង្គភាពសិក្សាស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា (ASI) ដែលជាដៃគូសហប្រតិបត្តិការជួសជុលប្រាសាទព្រះវិហារ។

អង្គប្រជុំបានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូសហប្រតិបត្តិការជាតិ-អន្តរជាតិ លើកិច្ចការអភិរក្ស ស្រាវជ្រាវ និងអភិវឌ្ឍន៍នានានៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ ដូចជាការគ្រប់គ្រងប្រព័ន្ធបង្ហូរទឹកនៅប្រាសាទព្រះវិហារ ការងារអភិរក្សស្ពានហាលខាងលិចគោបុរៈទី៥ ការងារអភិរក្ស និងជួសជុលជណ្តើរបុរាណខាងជើង ការងារជួសជុលគោបុរៈទី៥ និងការងារសិក្សាប្រព័ន្ធបង្ហូរទឹកនិងរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤។ ដោយឡែកនៅរមណីយដ្ឋានប្រាសាទកោះកេរ ក្រុមអ្នកជំនាញការអន្តរជាតិបានពិនិត្យលើការងារការអភិរក្សប្រាសាទគោកគ្រង ប្រាសាទដំរី ប្រាសាទក្រចាប់ ប្រាសាទបល្ល័ង្កត្បូង ប្រាសាទក្រហមបរិវេណប្រាសាទធំ និងប្រាសាទប្រាំ ក៏ដូចជាការងារផែនការគ្រប់គ្រងទេសចរណ៍ផងដែរ៕
ដោយ ឃុត សៅ





