ឯកឧត្តម វ៉ី សំណាង អញ្ជើញចុះពិនិត្យមើលស្ថានភាពទូទៅទីតាំងរៀបចំពិធីបុណ្យទន្លេលើកទី៩ នៅសួនច្បារមាត់បឹងតាកែវ
AKP តាកែវ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងដូនកែវ និងសមត្ថកិច្ច ចុះពិនិត្យស្ថានភាពទូទៅនៃការរៀបចំសន្តិសុខសណ្ដាប់ធ្នាប់ នៅទីតាំងរៀបចំពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ នៅសួនច្បារមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់អាជ្ញាធរក្រុងដូនកែវ និងសមត្ថកិច្ខពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមើលក្រុមអ្នកលក់ដូរ ត្រូវលក់ឱ្យមានរបៀបរៀបរយ និងមានសណ្ដាប់ធ្នាប់ល្អ តាមការរៀបចំរបស់អាជ្ញាធរ ពិសេសមន្ត្រីមន្ទីរសង្គមកិច្ចត្រូវពិនិត្យមើលឱ្យបានហ្មត់ចត់ មិនត្រូវឱ្យមានក្រុមអ្នកដើរសុំទាន នៅក្នុងអំឡុងពេលដំណើរការនៃការរៀបចំពិធីបុណ្យទន្លេនោះទេ។

ឯកឧត្តមបានមានប្រសាសន៍បន្តថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យមើលបន្ថែមនូវចំណុចខ្វះខាតកន្លែងណាមួយ ដែលមិនទាន់បានរៀបចំរួចរាល់ ត្រូវប្រញាប់បង្ហើយកិច្ចការទាំងអស់ឱ្យបានមុនពេលវេលាកំណត់ ព្រោះថាពិធីបុណ្យទន្លេដ៏មានសារៈសំខាន់មួយនេះ កាន់តែខិតជិតចូលមកដល់ហើយ។ ទីតាំងប្រារព្ធពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥នេះ រៀបចំធ្វើឡើងនៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។

បើយោងតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តតាកែវ ក្នុងពិធីបុណ្យទន្លេនេះ មានដាក់តាំងបង្ហាញនូវផលិតផលសក្ដានុពលរបស់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញនីមួយៗ ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានអញ្ជើញទស្សនាកម្សាន្តនូវព្រឹត្តិការណ៍ពិធីបុណ្យទន្លេលើកទី៩ ឆ្នាំ២០២៥ ក្នុងនោះ គណៈកម្មការរៀបចំពិធីបុណ្យទន្លេក៏បានរៀបចំកីឡាផ្សេងៗសម្រាប់ឱ្យមហាជនចូលរួមលេងកម្សាន្ត រួមមាន កីឡាប្រណាំងកង់ចម្ងាយ៧៥គីឡូម៉ែត្រ ភ្នំពេញ-តាកែវ កីឡារត់កម្សាន្តមហាជនមានអ្នកចូលរួមចំនួន១២០០នាក់ កីឡាអុកចត្រង្គមហាជន កីឡាកម្សាន្តរែក បាយខុំ លោតមឹក កីឡាបាល់ទះមហាជន កីឡាប៊ូលប៉េតង់ កីឡាទូកកាណូកៃយ៉ាស់មហាជន ការបង្ហោះគោមរួមគ្នា៥០០គោម កីឡាគុនខ្មែរ និងកីឡាសម្ដែងប៉ារ៉ាប៉ូទ័រ៕
ដោយ អ៊ុច សៀង





