សហគមន៍ព្រៃឈើ ភ្នំទុនតង់ ទទួលបានការគាំទ្រជាផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- សហគមន៍ព្រៃឈើ ភ្នំទុនតង់ បានដំណើរការរៀបចំបង្កើតឡើងតាំងពីឆ្នាំ២០១៩ និងបានរៀបចំសំណើសុំបង្កើតក្នុងឆ្នាំ២០២៤។ សហគមន៍នេះមានទីតាំងស្ថិតនៅកណ្តាលចំការកៅស៊ូក្រុងប៊ុក ចន្លោះព្រំប្រទល់រវាង ភូមិចាន់ ឃុំតាវែងលើ ស្រុកតាវែង និង ភូមិកាណាត ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ បច្ចុប្បន្ន មានគណៈកម្មការសហគមន៍ចំនួន១៦នាក់ ក្នុងនោះស្រ្តីចំនួន៣នាក់ និងមានសមាជិកសហគមន៍សរុបចំនួន២៤៥គ្រួសារ។ ការបង្កើតនេះដែរត្រូវបានទទួលស្គាល់ និងគាំទ្រពីរដ្ឋបាលសាលាខេត្ត ក្នុងខែមករា ឆ្នាំ២០២៥។

មន្ត្រី អង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ថា កន្លងទៅ សហគមន៍ព្រៃឈើភ្នំទុនតង់ដែលបានទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ស្រុក ខណ្ឌរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្មរុក្ខប្រម៉ាញនិងនេសាទ និងខេត្ត បានដំឡើងស្លាកផែនទីសហគមន៍ចំនួន៤ផ្ទាំង នៅសាលាឃុំតាឡាវ សាលាភូមិចាន់ និងក្នុងតំបន់សហគមន៍ព្រៃឈើភ្នំទុនតង់ ដោយមានការចូលរួមពីគណៈកម្មការសហគមន៍ អនុភូមិ និងតំណាងឃុំ។ ស្លាកផែនទីត្រូវបានដំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងថាតំបន់នេះជាតំបន់សហគមន៍ព្រៃឈើ និងចូលរួមក្នុងការការពារអភិរក្សទាំងអស់គ្នា។

អង្គការ NatureLife សូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភក្រុមហ៊ុនក្រុងប៊ុក និងអង្គការអុកស្វាមដែលបានជួយគាំទ្រសហគមន៍ព្រៃឈើ ភ្នំទុនតង់នេះ តាមរយៈអង្គការជីវិតធម្មជាតិនៅកម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ NatureLife)





