ពលរដ្ឋតំបន់ភ្នំវល្លិ៍សប្បាយចិត្តក្រោយមានការស្ថាបនាផ្លូវមួយខ្សែប្រវែងជាង១១គីឡូម៉ែត្រ
AKP កែប ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ -- កំណាត់ផ្លូវខេត្តលេខ១៣៣៣ មានប្រវែងសរុប១១គីឡូម៉ែត្រ ដោយបំបែកចេញពីផ្លូវជាតិលេខ៣៣ ខាងកើតវិទ្យាល័យ ហ៊ុន សែន ចំការដូង និងបញ្ចប់ត្រង់ភូមិចំការចេកខេត្តកែប និងភូមិចំណាក់កន្ទួតខាងត្យូងខេត្តកំពត ដោយកំណាត់ផ្លូវកៅស៊ូមួយខ្សែនេះកំពុងដំណើរការសាងសង់ជាដំណាក់កាល។ ជាមួយគ្នានេះប្រជាពលរដ្ឋមូលដ្ឋានសម្តែងការសប្បាយចិត្តជាមួយសមិទ្ធផលខាងលើ ព្រោះពិតជាបានសម្រួលដល់ជីវភាពរស់នៅពួកគាត់រាប់តាំងពីការធ្វើដំណើរ និងដឹកជញ្ជួនទំនិញកសិផលជាដើម។

លោកស្រី ភូ មុំ ជំទប់ទី១ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ថា ក្រោមការយកចិត្តទុកដាក់ពីសុខទុក្ខពលរដ្ឋពីសំណាក់រាជរដ្ឋាភិបាល ពិសេសឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏ដូចជាមន្ទីរជំនាញ ផ្លូវមួយខ្សែនេះពិតជាបានផ្តល់នូវអត្ថប្រយោជន៍ច្រើនណាស់ដល់ប្រជាពលរដ្ឋចំនួន៧ភូមិ ក្នុងការធ្វើដំណើរ ដ៏ដូចដឹកជញ្ជូនកសិផលជាដើម ជាពិសេសសម្រាប់ផ្តល់នូវភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរទៅទស្សនាចំការម្រេច និងទីតាំងកសិទេសចរណ៍ដទៃទៀតនៅតាមតំបន់ភ្នំវល្លិ៍នេះផងដែរ។

សូមបញ្ជាក់ថា ភ្នំវល្លិ៍គឺជាអតីតទីតាំងសមរភូមិក្តៅក្នុងសម័យសង្គ្រាម តែបច្ចុប្បន្នតំបន់នេះបានប្រែពីតំបន់ក្រាលដោយសំណល់សង្រ្គាម មកក្រាលដោយផលដំណាំចម្រុះដែលមានសក្កានុពលជាច្រើនមុខពិសេស ម្រេចនិងទុរេន។ យ៉ាងណាក្រោយផ្លូវមួយខ្សែនេះ សាងសង់រួចរាល់ និងផ្តល់ប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅកាន់មន្ទីរពេទ្យ សាលារៀន និងការដឹកជញ្ជូនដំណាំកសិកម្មផ្សេងៗ ពិសេសនោះគឺជាចំណងហេដ្ឋារចនាសម្ព័ន្ធមួយដែលទាក់ទាញភ្ញៀវទេសចរឱ្យធ្វើដំណើរមកលេងកម្សាន្ត តំបន់ទេសចរណ៍ខេត្តកែប តំបន់អេកូទេចរណ៍ភ្នំវល្លិ៍ និងតំបន់កសិឧស្សហកម្មដែលមានសក្តានុពល និងមានទេសភាពដ៏ស្រស់បំព្រង៕

ដោយ ប្រាក់ លាង





