ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សាសន្តិភាពអធិបតេយ្យភាព និងបូរណភាពរបស់កម្ពុជា
AKP កំពង់ធំ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន១១៨នាក់ដែលមកពីគណបក្សនានាដោយបានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា "ការចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីចូលរួមថែរក្សាសន្តិភាព អធិបតេយ្យភាពនិងបូរណភាពរបស់កម្ពុជា"។ គណបក្សប្រជាជនកម្ពុជាជាគណបក្សមួយដែលមានវ័យចំណាស់ជាងគេមានភាពរឹងមាំ មានមាគ៌ាគោលនយោបាយច្បាស់លាស់បានដឹកនាំប្រទេសជាតិឱ្យរួចផុតពីរបបខ្មែរក្រហមជាពិសេសសង្គ្រោះជីវិតប្រជាពលរដ្ឋកម្ពុជាទាំងមូលជាលើកទី២ ចាកផុតពីគ្រោះមហន្តរាយដ៏កាចសាហាវនៃជំងឺរាតត្បាតកូវីដ-១៩។

ក្នុងឱកាសនោះដែរ ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមាជិកទាំងអស់ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានគោលនយោបាយច្បាស់លាស់ប្រាកដប្រជា និងអាចអនុវត្តបាន។ គណបក្សប្រជាជនកម្ពុជា ជាអង្គការចលនាមហាជនមួយដែលផ្សារភ្ជាប់ខ្លួននៅជាមួយប្រជាជននិងសង្គមជាតិកម្ពុជានៅគ្រប់កាលៈទេសៈទាំងអស់។

ទន្ទឹមនឹងនោះ តំណាងសមាជិកថ្មីបានលើកឡើងថាតាមរយៈការអនុវត្តនូវនយោបាយឈ្នះ ឈ្នះដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ជាស្ថាបនិកនៃសន្តិភាពបានធ្វើឱ្យសង្គ្រាមរ៉ាំរ៉ៃរាប់ទសវត្សនៅកម្ពុជាបានបញ្ចប់និងនាំមកនូវសន្តិភាពពាសពេញផ្ទៃប្រទេស ព្រមទាំងបាននាំមកនូវការអភិវឌ្ឍជូនជាតិមាតុភូមិលើគ្រប់វិស័យ ជាពិសេសដោយពិនិត្យឃើញការលះបង់ដ៏ធំធេង និងកិច្ចខិតខំប្រឹងប្រែងបម្រើជាតិ ទើបសមាជិកសមាជិកាទាំងអស់បានសម្រេចចិត្តស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបានចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ ស៊ុម វណ្ណា





