ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យទទួលស្វាគមន៍គណៈប្រតិភូខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈភិបាលខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍គណៈប្រតិភូខេត្តវិញឡុងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង និងឯកឧត្តម ង្វៀន មិញយុង អនុប្រធានក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ អញ្ជើញមកទស្សនកិច្ច និងជូនពរឆ្នាំថ្មី ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការប្រជាពលរដ្ឋនៃខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីអភិបាលរងខេត្ត មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់នៅសាលប្រជុំ ខ សាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ខ្ញុំសូមសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង និងឯកឧត្តម ង្វៀន មិញយុង អនុប្រធានក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ ដែលបានអញ្ជើញមកទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់ខេត្តបន្ទាយមានជ័យ។ ដំណើរទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្តបន្ទាយមានជ័យ និងខេត្តវិញឡុង ក៏ដូចជាប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ ឯកឧត្តម ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍ថា ខ្ញុំសូមថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានទទួលគណៈប្រតិភូរបស់យើងយ៉ាងកក់ក្តៅ។ ដំណើរទស្សនកិច្ចនេះ បានផ្តល់ឱកាសឱ្យយើងបានផ្លាស់ប្តូរយោបល់ និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ជាពិសេសវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌។

ទន្ទឹមនឹងនេះ ឯកឧត្តម ង្វៀន មិញយុង អនុប្រធានក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ បានជូនពរឱ្យថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ទទួលបាននូវការអភិវឌ្ឍរីកចម្រើន និងសូមឱ្យចំណងមិត្តភាពរវាងខេត្តទាំងពីរ កាន់តែរឹងមាំ និងស្ថិតស្ថេរជានិរន្តរ៍។

សូមបញ្ជាក់ថា ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមមាន ការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ការលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ការផ្លាស់ប្តូរបទពិសោធន៍លើវិស័យអប់រំ និងសុខាភិបាល ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងសណ្តាប់ធ្នាប់ជាដើម៕

ដោយ ឈុន សារ៉ាត





