រដ្ឋបាលខេត្តបន្ទាយមានជ័យបន្តគាំទ្រ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសិរីសោភ័ណ
AKP បន្ទាយមានជ័យ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥--លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តបន្ទាយមានជ័យបាន និងកំពុងប្តេជ្ញាបន្តគាំទ្រ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសិរីសោភ័ណ ដើម្បីប្រែក្លាយទីក្រុងនេះ ឱ្យទៅជាទីក្រុងស្អាត បៃតង និងមានភាពទាក់ទាញនោះ។ ការមានប្រសាសន៍បែបនេះរបស់លោក ឃ្លោក នួយ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសងប្រព័ន្ធលូទឹករំដោះទឹកភ្លៀង និងបណ្ដាញលូទឹកកខ្វក់ ជួសជុលផ្លូវ និងរៀបចំសោភ័ណភាព នៅក្នុងក្រុងសិរីសោភ័ណ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងចូលមកដល់នៅពាក់កណ្តាលខែមេសាខាងមុខនេះ។

ដំណើរចុះពិនិត្យនេះមានគោលបំណងធានាថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទាំងនេះ នឹងរួចរាល់ទាន់ពេលវេលា ដើម្បីផ្ដល់នូវបរិស្ថានស្អាត និងផាសុកភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលអញ្ជើញមកលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ។

លោក ឃ្លោក នួយ បានមានប្រសាសន៍ទៀតថា គម្រោងនេះគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណ ដែលតែងតែជួបប្រទះបញ្ហាទឹកលិច និងអនាម័យមិនល្អ ជាពិសេសក្នុងរដូវវស្សា។ គម្រោងនេះមិនត្រឹមតែជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។
លទ្ធផលដែលសម្រេចបានរហូតមកដល់ពេលនេះរួមមាន ការសាងសង់ប្រព័ន្ធលូទឹករំដោះទឹកភ្លៀង និងបណ្ដាញលូទឹកកខ្វក់ បានសម្រេចបានប្រមាណ ៧០%។ ការជួសជុលផ្លូវមួយចំនួនក្នុងក្រុង បាននឹងកំពុងអនុវត្តដែលនិងបញ្ចប់ជាស្ថាពរនៅពេលខាងមុខ។ ការរៀបចំសួនច្បារ និងការដាំដើមឈើលម្អ បានដំណើរការទៅមុខយ៉ាងរលូន។

ជាមួយគ្នានេះដែរ លោក ឃ្លោក នួយ បានកោតសរសើរដល់ក្រុមការងារ ដែលបានខិតខំប្រឹងប្រែងធ្វើការងារយ៉ាងសកម្ម និងមានប្រសិទ្ធភាព និងបានជំរុញឱ្យក្រុមការងារបន្តខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ចប់គម្រោងឱ្យបានទាន់ពេលវេលា និងធានាបាននូវគុណភាពសំណង់។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋក្នុងក្រុងសិរីសោភ័ណបានសម្តែងការសាទរចំពោះការអភិវឌ្ឍនេះ ហើយបានរំពឹងថា ក្រុងរបស់ពួកគេនឹងកាន់តែមានភាពស្រស់ស្អាត និងរីកចម្រើននាពេលអនាគត៕
ដោយ ឈុន សារ៉ាត





