កិច្ចប្រជុំការងារអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រដ្ឋបាលខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារអនុវត្តគោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព" និងបានប្រគល់បណ្ណសរសើរដល់ភូមិ ឃុំ សង្កាត់ ទទួលបានជ័យលាភីក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” បានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា សមិទ្ធផលដែលទទួលបាននេះជាចំណែកមួយដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងចូលរួមក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ និងបានលើកកម្ពស់តួនាទីភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ទាំងអស់ឱ្យមានប្រសិទ្ធភាព ជាពិសេសបានដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋ និងបញ្ហាប្រឈមមួយចំនួននៅតាមមូលដ្ឋាន ព្រមទាំងរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម លុបបំបាត់រាល់អំពើអបាយមុខផ្សេងៗដូចជាក្រុមក្មេងទំនើង និងគ្រឿងញៀនជាដើម។

ក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក អាជ្ញាធរ ឃុំ សង្កាត់និងកងកម្លាំងជំនាញមានសមត្ថកិច្ចដែលបានខិតខំក្នុងការអនុវត្តការងារគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពឱ្យទទួលបានលទ្ធផលល្អប្រសើរ និងសូមឱ្យបន្តខិតខំអនុវត្តការងារជាបន្តទៀត ដើម្បីសម្រេចបានទៅតាមគោលដៅ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តម នួន ផារ័ត្ន បានបញ្ជាក់ថា នៅពេលខាងមុខនេះរដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំសង្ក្រាន្តកំពង់ធំឱ្យធំជាងឆ្នាំមុន ដែលមានកន្លែងស្អាតៗជាច្រើនកន្លែងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ចូលលេងសង្ក្រាន្តកំពង់ធំដែលតម្រូវឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ អនុវត្តការងារភូមិឃុំសង្កាត់មានសុវត្តិភាពឱ្យមានសុវត្ថិភាព។

សូមបញ្ជាក់ថា ភូមិ ឃុំ សង្កាត់ ដែលទទួលបានជ័យលាភីក្នុងការចូលរួមផ្សព្វផ្សាយអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រដ្ឋបាលខេត្តកំពង់ធំ ចំណាក់ថ្នាក់លេខ១ មានចំនួន ៧៦ឃុំ-សង្កាត់ និងចំណាត់ថ្នាក់លេខ២មានចំនួន៥ឃុំ-សង្កាត់៕

ដោយ ស៊ុម វណ្ណា





