រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ
AKP កំពង់ឆ្នាំង ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥-- លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញបើកកិច្ចប្រជុំស្ដីពីលើកកម្ពស់តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី លោកស្រី តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោក ខែម សុខុន នាយកប្រតិបត្តិ នៃអង្គការអនាគតកុមារ លោក គឹម មីត៉ាតូរី ប្រធានកម្មវិធីជាន់ខ្ពស់នៃមូលនិធិអាស៊ីប្រចាំប្រទេសកម្ពុជា លោកអភិបាលរងក្រុង ស្រុក មន្ទីរពាក់ព័ន្ធ និងមន្រ្តីផ្នែកគម្រោងតាមបណ្តាមូលដ្ធានក្នុងខេត្តជាច្រើននាក់ផងដែរ ។

ក្នុងឱកាសនោះ លោក អម សុភា បានមានប្រសាសន៍ថា ការអភិវឌ្ឍក៏ដូចជាការលើកកម្ពស់សេដ្ឋកិច្ចសង្គមជាតិកម្ពុជា ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋបាលនៅថ្នាក់ក្រោមជាតិរីកចម្រើនទៅបានគឺអាស្រ័យពឹងផ្អែកលើប្រភពចំណូលចូលថវិការដ្ឋ។ ជាក់ស្ដែងការអភិវឌ្ឍប្រទេស និងការជំរុញល្បឿនសេដ្ឋកិច្ចសង្គមកម្ពុជា ដែលមានការរីកចម្រើនមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ តែងដាក់ចេញនូវគោលនយោបាយ និងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងចំណូល និងចំណាយថវិកាជាតិ បានយ៉ាងមានប្រសិទ្ធភាពល្អប្រសើរ។

ទន្ទឹមនឹងនេះ លោកបានបន្តថា សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងថវិការបស់ខ្លួនដើម្បីឆ្លើយតបនឹងតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន ជាពិសេសការកសាងភាពជាដៃគូររវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យមានភាពប្រសើរឡើងនូវការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ ស្របនឹងទស្សនទាននៃអភិបាលកិច្ចល្អដែលបានលើកទឹកចិត្តឱ្យតួអង្គពាក់ព័ន្ធទាំងអស់ត្រូវចេះធ្វើការងារជាមួយគ្នាដើម្បីផលប្រយោជន៍សាធារណៈ ហើយក្នុងនោះប្រជាពលរដ្ឋមានការអភិវឌ្ឍដើម្បីកំណើនសេដ្ឋកិច្ចគ្រួសារ។

លោកអភិបាលរងខេត្តបានស្នើឱ្យថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនីមួយៗដែលពាក់ព័ន្ធមានប្រភពចំណូល ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ក្នុងការប្រមូលឱ្យមានប្រសិទ្ធភាព គ្រប់ប្រភពចំណូលចូលជាថវិកាខេត្ត សម្រាប់បន្តការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចសង្គមនៅក្នុងខេត្តសំដៅបម្រើប្រយោជន៍សាធារណៈក៏ដូចជាប្រជាពលរដ្ឋ បានកាន់តែប្រសើរឡើងថែមទៀត៕

ដោយ បៃ ស៊ីថុន





