រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំស្តីពីការប្រើប្រាស់ហត្ថពលកម្មបរទេស
AKP ព្រះសីហនុ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀង សេន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការប្រើប្រាស់ហត្ថពលកម្មបរទេសក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមានចូលរួមពីអាជីវករ ពាណិជ្ជករសរុប ៩៨នាក់ ស្មើនឹង ៨៩ក្រុមហ៊ុន។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍បងប្អូនអាជីវករ ពាណិជ្ជករប្រកបមុខរបក្នុងខេត្តព្រះសីហនុ រដ្ឋបាលខេត្តបើកចំហរក្នុងការចូលរួមបង្ការ ទប់ស្កាត់ តម្រង់ទិស និងគោរពការអនុវត្តច្បាប់ជាគោលដោយធ្វើការស្មោះត្រង់ជាមួយគ្នា ដោយឡែកចំពោះកាស៊ីណូនៅខេត្តព្រះសីហនុ មិនខុសច្បាប់នោះទេ ក៏ប៉ុន្តែបើកាស៊ីណូមានបង្កប់នូវហ្គេមអនឡាញ វាខុសច្បាប់ តាមបទពិសោធន៍បទល្មើសនៅក្នុងកាស៊ីណូតែងតែកើតឡើងមានដូចជា ការខ្ចីលុយ បុគ្គលិកអត់មានបណ្ណការងារ ហើយថ្ងៃនេះយើងធ្វើការជជែកគ្នាស្តីពីបុគ្គលិក។ ប្រសិនបើបុគ្គលិកមានច្បាប់ត្រឹមត្រូវ គ្មានពាក់ព័ន្ធគ្រឿងញៀន មិនប្រើប្រាស់អាវុធខុសច្បាប់ រដ្ឋបាលខេត្តសូមគាំទ្រអាជីវកម្មស្របច្បាប់នៅខេត្តព្រះសីហនុ ដើម្បីឱ្យការងារប្រកបអាជីវកម្មរបស់លោកលោកស្រីនៅខេត្តព្រះសីហនុ ដំណើរការប្រព្រឹត្តទៅដោយរលូន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃុន សំបូរ អគ្គនាយករងអន្តោប្រវេសន៍ បានមានប្រសាសន៍គាំទ្រប្រសាសន៍របស់ឯកឧត្តមអភិបាលខេត្ត ស្តីពីទស្សនទាន ទស្សនវិស័យ និងគោលបំណងដឹកនាំខេត្តព្រះសីហនុ រាល់គោលដៅអាជីវកម្មគ្រប់ប្រភេទដែលមានជនបរទេសស្នាក់នៅ និងបម្រើការងារនៅខេត្តព្រះសីហនុ ដោយកំណត់ការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃបានរៀបចំប្រព័ន្ធគ្រប់គ្រងជនបរទេសក្នុងតួនាទីចំនួនពីរ៖ ១. ការគ្រប់គ្រងពលករបរទេសនៅក្នុងគ្រឹះស្ថានការស៊ីណូ និង២. គ្រប់គ្រងជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម នាយឧត្តមសេនីយិ៍ បានស្នើសុំវិស័យឯកជនគ្រប់គ្រងជនបរទស ១. តាមប្រព័ន្ធទូរស័ព្ទ និង២.វិស័យឯកជនទាក់ទងជាមួយមន្ត្រីនគរបាលមូលដ្ឋាន ដើម្បីបង្កើតប្រព័ន្ធគ្រប់គ្រងជនបរទេស ដោយសហការស្មោះត្រង់ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីរួមគ្នាបញ្ចូលទិន្នន័យគ្រប់គ្រងជនបរទេសស្នាក់នៅ ដើម្បីយើងមានភាពងាយស្រួលក្នុងការគ្រប់គ្រង។ យើងត្រូវដឹងពីជនបរទេសពួកគាត់ពន្យាទិដ្ឋាការ ឬមិនពន្យាទិដ្ឋាការ ពិសេសការបន្លាស់ទីរបស់ជនបរទេស ដែលជាសារ:សំខាន់នៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងរបស់យើង ប្រសិនបើជនបរទេសស្នាក់នៅគ្នានលិខិតស្នាម ស្នាក់នៅខុដោយសច្បាប់ ប្រើប្រាស់ទិដ្ឋាការខុសគោលដៅ លួចធ្វើការខុសច្បាប់ វាអាចបង្កើតនូវបទល្មើសជួញដូរមនុស្ស ការបង្ខាំងមនុស្ស និងបទល្មើសផ្សេងៗទៀត ហើយអ្នកដែលស្នាក់នៅខុសច្បាប់ ពួកគាត់មិនក្លាយនឹងធ្វើបទល្មើសនោះទេ។ បើយើងរួមគ្នាគ្រប់គ្រងទិន្នន័យជនបរទេសបាន គឺយើងអាចគ្រប់គ្រងបទល្មើសបានដូចគ្នា។ បើជនបរទេសស្នាក់នៅក្នុងគ្រឹះស្ថានរបស់យើងអត់មានលិខិតស្នាម យើងអាចប្តឹងមកមន្ត្រីនគរបាលមូលដ្ឋាន យើងត្រូវរួមគ្នាអនុវត្តប្រព័ន្ធគ្រប់គ្រងនេះឱ្យមានប្រសិទ្ធភាព ដើម្បីការពារបទល្មើសដែលកើតមានឡើង សុំឱ្យវិស័យឯកជនទាំងអស់ចូលរួមដោយមិនត្រូវគិតថា ការងាររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃដែលបានបង្កើតផែនការ ០០៣នេះ មិនបានធ្វើឱ្យប៉ះពាល់ដល់វិស័យវិនិយោគនោះទេ គឺគ្រាន់តែបណ្តុះបណ្តាលឱ្យចេះប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យជនបរទេស ហើយការគ្រប់គ្រងនេះទៀតសោត គឺគ្រប់គ្រងដោយខ្លួនឯង គ្រាប់តែសហការជាមួយសមត្ថកិច្ច ដើម្បីរកជនបរទេសដែលខុសច្បាប់ និងពង្រឹងជនបរទេសឱ្យគាត់ចេះគោរពច្បាប់របស់កម្ពុជា ដើម្បីសង្គមរបស់យើង និងខេត្តរបស់យើង។ ការធ្វើបច្ចុប្បន្នភាពជនអន្តោប្រវេសន៍ត្រូវបានទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ដើម្បីពិនិត្យ ជនបរទេសថា តើមានការកើន ឬថយចុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងពាក់ព័ន្ធនឹងការចូលសញ្ជាតិផងដែរ ការគ្រប់គ្រងវត្តមានជនអន្តោប្រវេសន៍ កុំគិតថាជាការងារអនុវត្តមានការរំខានដល់វិស័យវិនិយោគ ព្រោះគោលការណ៍សំខាន់មាន៖ ១. បើមានការអ្វីកើតឡើងយើងត្រូវរាយការមកនគរបាលមូលដ្ឋាន និង២.បញ្ចូលទិន្នន័យឱ្យបានពេញលេញពាក់ព័ន្ធនឹងជនបរទេសកំពុងធ្វើអាជីវកម្ម ស្នាក់នៅក្នុងខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី





