ឯកឧត្ដម ឡាំ ជា អញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងពិនិត្យវឌ្ឍនភាពការងារកិច្ចការព្រំដែន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥--នៅសាលប្រជុំធំនៃទីស្ដីការរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ និងពិនិត្យវឌ្ឍនភាពការងារកិច្ចការព្រំដែន កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការជាថ្នាក់ដឹកនាំ ព្រមទាំងលោកអគ្គនាយករង លោកប្រធាន អនុនាយកដ្ឋាន និងមន្រ្ដីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។

ឯកឧត្ដមរដ្ឋមន្រ្ដី បានមានមតិស្វាគមន៍ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្ដម លោក លោកស្រីទាំងអស់ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើកិច្ចការព្រំដែនដ៏មានសារៈសំខាន់បំផុតសម្រាប់ជាតិមាតុភូមិ ជាមួយនឹងការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការព្រំដែននេះ ដោយគោរព និងអនុវត្ដយ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចការនេះ សម្ដេចធិបតី បានយកចិត្ដទុកដាក់ខ្ពស់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតក្នុងការការពារសន្តិភាព ស្ថិរភាព ឯករាជ្យជាតិ និងបូរណភាពទឹកដី ដែលមិនមានការធ្វេសប្រហែសសូម្បីមួយវិនាទីណាឡើយ។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរួចមក ឯកឧត្ដមរដ្ឋមន្រ្ដីបានកត់សម្គាល់ចំណុចសំខាន់ៗមួយចំនួនជូនអង្គប្រជុំពិនិត្យ និងពិភាក្សា ក្នុងការប្រមូលធាតុចូលបន្ថែមទៀត ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោក លោកស្រី ដែលបានចូលរួមមតិយោបល់យ៉ាងផុសផុលដែលនឹងក្លាយជាធាតុចូលបំពេញបន្ថែម ដើម្បីត្រៀមរៀបចំសកម្មភាពការងារក្នុងការចុះជួបចរចានិងការអនុវត្ដលើដីជាក់ស្ដែងជាមួយសមភាគីនាពេលខាងមុខ។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានរំលឹក និងគូសបញ្ជាក់អំពីសមិទ្ធផលជាប្រវត្តិសាស្ត្រនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកសាងខ្សែបន្ទាត់ព្រំដែនមួយមានភាពច្បាស់លាស់ ត្រឹមត្រូវ រឹងមាំ និងស្ថាពរ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលយើងទទួលបាននាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅធានាការពារឱ្យបានដាច់ខាតនូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាទុកជាមរតកប្រវត្តិសាស្ត្រជូនកូនចៅខ្មែរគ្រប់ជំនាន់។

ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណចំពោះអង្គប្រជុំទាំងមូល និងផ្ដល់អនុសាសន៍ណែនាំនូវចំណុចគន្លឹះសំខាន់ៗមួយចំនួនដើម្បីធ្វើយ៉ាងណាជំរុញឱ្យមានវឌ្ឍនភាពការងារថ្មីៗថែមមួយកម្រិតទៀត ព្រមទាំងការត្រៀមលក្ខណសម្បត្ដិឱ្យបានគ្រប់ជ្រុងជ្រោយទាំងក្នុងការចរចា និងការចុះអនុវត្ដការងារលើដីជាក់ស្ដែង ដោយប្រកាន់ខ្ជាប់នូវឆន្ទៈ និងមនសិការស្នេហាជាតិខ្ពស់បំផុត៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន)





