សហគមន៍កសិកម្មទំនើប «បារាយ៍តាំងគោក» រៀបចំមហាសន្និបាតកំណើតដំបូងរបស់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ថា បងស្រី ផល្លី ប្រធានក្រុមប្រឹក្សាភិបាលទើបជាប់ឆ្នោតនៃសហគមន៍កសិកម្មទំនើប «បារាយ៍តាំងគោក» ដែលជាសហគមន៍កសិកម្មទំនើបថ្មីស្រឡាង ទើបរៀបចំមហាសន្និបាតកំណើតដំបូងរបស់ខ្លួន។

បន្ទាប់ពីបានចំណាយពេលសិក្សាវាយតម្លៃជាច្រើនលើកច្រើនសារ និងទទួលបានវត្តមានចុះពិនិត្យដោយផ្ទាល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីដល់ទីតាំងស្នើសុំរៀបចំជាសហគមន៍។ ទីបំផុតសហគមន៍កសិកម្មទំនើប ដែលមានសមាជិក ១៥២ គ្រួសារ និងគ្រោងធ្វើផលិតកម្មស្រូវលើផ្ទៃដីប្រមាណ ៤ ៣០០ ហិកតា នៅក្នុងស្រុកបារាយ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ បានលេចរូបរាងជាផ្លូវការហើយ។

ឯកឧត្តម ឃឹម ហ្វីណង់ បានបន្តថា បើមិនមានអ្វីប្រែប្រួលទេ សហគមន៍នឹងចាប់ផ្តើមប្រតិបត្តិការដំបូងរបស់ខ្លួននៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះតែម្តង៕

ដោយ ណយ នឿន





