មន្ទីរព័ត៌មានខេត្តកណ្តាលបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥
AKP កណ្ដាល ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥-- មន្ទីរព័ត៌មានខេត្តកណ្ដាលបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចការងាររបស់មន្ត្រី ពង្រឹងសមត្ថភាព និងពិនិត្យដោះស្រាយបញ្ហាប្រឈមនានា ។

លោក ចាប វន្នី ប្រធានមន្ទីរព័ត៌មានខេត្ដកណ្តាល បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណង បង្ហាញលទ្ធផលការងារដែលសម្រេចបានក្នុងត្រីមាសទី១ និងបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារយ៉ាងសកម្មរបស់អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យជំនាញ និងមន្រ្តីរាជការព្រមទាំងទទួលបានលទ្ធផលផ្លែផ្កា និងមានប្រសិទ្ធភាព ពិសេសការងារចុះយកព័ត៌មាន ផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន។ អនុប្រធានមន្ទីរ និងមន្រ្តីរាជការទាំងអស់បន្តរួមគ្នាបំពេញភារកិច្ចទៅតាមផែនការ និងទិសដៅការងារការិយាល័យជំនាញដែលបានដាក់ចេញប្រកបដោយគុណភាព និងប្រសិទ្ធិភាពខ្ពស់បំផុត។ ទោះបីជាមន្ទីរមានធនធានមនុស្សតិចតួច ក៏មន្រ្តីពាក់ព័ន្ធចំណុះការិយាល័យនីមួយៗមានទំនួលខុសត្រូវចំពោះការងារ សម្រាប់ការអភិវឌ្ឍអង្គភាព និងទទួលការផ្តល់ទំនុកចិត្តពីថ្នាក់ដឹកនាំក្រសួង រដ្ឋបាលខេត្ត និងសាធារណជន។

លោកប្រធានមន្ទីរក៏បានជំរុញដល់ការិយាលយ័ទាំង៥ ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពមន្ត្រី តាមជំនាញដើម្បីបង្កើនប្រសិទ្ធិផលការងារ និងត្រូវសំឡឹងរកអ្នកបន្តវេន ជំនួសនៅពេលដែល មន្ត្រីមួយចំនួនត្រូវចូលនិវត្តន៍ និងបានជំរុញដល់ថ្នាក់ដឹកនាំការិយាលយ័ និងមន្ត្រីទាំងអស់ត្រូវត្រៀមគ្រប់លក្ខណៈសម្បត្តិដើម្បីអនុវត្តការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តបានដាក់ចុះក្នុងសង្ក្រាន្តឆ្នាំថ្មីដែលនឹងប្រព្រឹត្តទៅ នាថ្ងៃ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះឱ្យទទួលបានជោគជយ័៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





