ទស្សនកិច្ចរបស់ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ីសម្រាប់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ នៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥-- លោក ម៉ាសាតូ កាន់ដា ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ បានចុះទស្សនកិច្ចនៅវិទ្យាល័យ ហ៊ុន សែន ចំការដូង ខេត្តកែប ដែលជាសាលាមធ្យមសិក្សាធនធានគោលដៅមួយក្រោមការគាំទ្ររបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ដែលដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងជួបជាមួយនាយកសាលា គ្រូបង្រៀន និងសិស្សានុសិស្ស ដើម្បីស្វែងយល់ពីផលជះ និងសមិទ្ធផលដែលសម្រេចបានពីកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ដែលផ្តល់ហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូបានចុះពិនិត្យសមិទ្ធផលនានាដែលសម្រេចបានរបស់សាលារៀន តាមរយៈការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ និងការណែនាំពីសាលារៀនដោយសិស្សានុសិស្ស ការបង្ហាញអំពីទស្សនៈយល់ឃើញរបស់សិស្សានុសិស្សលើការជំរុញលើកទឹកចិត្តក្នុងការពិសោធន៍នៅបន្ទប់ពិសោធន៍គីមីវិទ្យា និងរូបវិទ្យា សកម្មភាពអាននៅបណ្ណាល័យស្តង់ដាសតវត្សរ៍ទី២១ ការបង្ហាញអំពីផែនការរៀនសូត្ររបស់សិស្សានុសិស្សនៅបន្ទប់កុំព្យូទ័រ ការពន្យល់ដោយសង្ខេបអំពីការសិក្សាបែបគម្រោងដែលជាសកម្មភាពពិសោធន៍ក្រៅថ្នាក់ ទស្សនាសកម្មភាពកំពុងអនុវត្តបន្តរបស់កម្មវិធីក្រៅម៉ោងសិក្សានៅបន្ទប់ពហុបំណង និងការទស្សនាសួនជីវៈចម្រុះនៅក្នុងបរិវេណសាលារៀនជាដើម។

ជាលទ្ធផល ប្រតិភូបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាលារៀន គ្រូបង្រៀន និងសិស្សានុសិស្សចំពោះការអភិវឌ្ឍសាលារៀន និងការផ្ដល់សេវាបង្រៀនប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ដែលសម្រេចបាននូវសមិទ្ធផលជាទីមោទនៈ ដែលឆ្លុះបញ្ចាំងតាមរយៈការទទួលបាននូវពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី ឆ្នាំសិក្សា ២០២៣-២០២៤ ជ័យលាភីប្រចាំក្នុងការប្រកួតកម្មវិធីគម្រោងស្ទែម និងជ័យលាភីគ្រូបង្រៀនដែលមានគំនិតច្នៃប្រឌិតខ្ពស់ផ្នែកបច្ចេកវិទ្យាអប់រំ។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ គឺជាផ្នែកមួយនៃការគាំទ្ររបស់ធនាគារអភិវឌ្ឍន៍អាស៊ីទៅលើការអប់រំនៅមធ្យមសិក្សាទុតិយភូមិ និងការកសាងបន្ថែមលើចំណុចខ្វះខាតរបស់គម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិជំហានទី១។ គម្រោងនេះត្រូវអនុវត្តរយៈពេល៦ឆ្នាំ គិតចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០២៥ ដើម្បីបង្កើននូវប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សាទុតិយភូមិ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





