ត្រីបបែលយក្ស ទឹកសាបនៅកម្ពុជាកំពុងស្ថិតក្នុងការពិចារណាដើម្បីដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- ត្រីបបែលយក្សទឹកសាបដែលមានឈ្មោះជាភាសាអង់គ្លេស Giant Freshwater Whipray (Stingray) និងឈ្មោះវិទ្យាសាស្ត្រ Urogymnus polylepis ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ក្នុងឆ្នាំ២០២១ ជាប្រភេទជិតផុតពូជជាសាកល។

មន្ត្រីអង្គការ WCS បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ថា ត្រីបបែលយក្សទឹកសាបនៅមានវត្តមានក្នុងប្រទេសកម្ពុជានៅឡើយទេ ហើយក្នុងនោះត្រីបបែលយក្សទឹកសាបមួយក្បាលដែលមានឈ្មោះថា “បូរមី” ត្រូវបានចុះក្នុងកំណត់ត្រាពិភពលោកក្នុងសៀវភៅហ្គីនណែស (Guinness World Records) ក្នុងឆ្នាំ២០២២ ជាត្រីទឹកសាបដែលធំជាងគេបំផុត ដោយមានទម្ងនរហូតដល់៣០០គីឡូក្រាម។ នេះជាមោទនភាពរបស់ប្រទេសកម្ពុជាយើងទាំងអស់គ្នា។ តែទោះជាយ៉ាងណាក្តី ត្រីបបែលយក្សទឹកសាបនេះមិនទាន់ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់របស់ប្រទេសកម្ពុជាតាមរយៈអនុក្រឹត្យលេខ១២៣ ចុះនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ នៅឡើយទេ។ រដ្ឋបាលជលផល កំពុងរៀបចំឯកសារដើម្បីស្នើសុំ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់បញ្ចូលត្រីប្រភេទនេះក្នុងបញ្ជីប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ ដែលវាគឺជាឯកសារផ្លូវច្បាប់ដ៏សំខាន់ខ្លាំងមួយក្នុងការការពារ គ្រប់គ្រង និងអភិរក្សត្រីបបែលយក្សទឹកសាបឱ្យមាននិរន្តរភាព។

ដើម្បីចូលរួមចំណែកក្នុងការអភិរក្សត្រីបបែលយក្សទឹកសាប អង្គការសមាគមអភិរក្សសត្វព្រៃ WCS កម្ពុជា បានសហការជាមួយ រដ្ឋបាលជល ក្នុងការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពី “ការប្រមូលព័ត៌មានដើម្បីគាំទ្រការដាក់បញ្ចូលត្រីបបែលយក្សទឹកសាបក្នុងបញ្ជីប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់” ក្នុងខេត្តស្ទឹងត្រែងនិងខេត្តក្រចេះ កាលពីពាក់កណ្តាក ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។ គោលបំណងនៃសិក្ខាសាលាទាំងពីរនេះ គឺដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដែលមានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងត្រីបបែលយក្សទឹកសាប អំពីស្ថានភាពប្រជាសាស្ត្រ ប្រភេទទីជម្រក និងកត្តាគំរាមកំហែងរបស់វា រួមជាមួយការពិភាក្សាលើយុទ្ធសាស្ត្រសំខាន់ៗនៃការស្តារចំនួនត្រីប្រភេទនេះឱ្យមានការកើនឡើង។

សិក្ខាសាលានេះត្រូវបានរៀបចំក្រោមគម្រោង “ពង្រឹងសមត្ថភាពសហគមន៍នេសាទដើម្បីការពារត្រីបបែលយក្សតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា” ដែលទទួលបានការគាំទ្រថវិកាពីមូលនិធិភាពជាដៃគូសម្រាប់ប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ (CEPF) និងអង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)៕
ដោយ ណយ នឿន (ប្រភព៖ WCS)





