កាកបាទក្រហមកម្ពុជាខេត្តសៀមរាបនាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងភូមិសាស្ត្រស្រុកជីក្រែង
AKP សៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ដឹកនាំដោយលោក គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ក្នុងភូមិសាស្ត្រស្រុកជីក្រែងចំនួន១៣០គ្រួសារ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ខេត្តសៀមរាបបានទទួលរងនូវគ្រោះធម្មជាតិដោយខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង ឆ្លងកាត់ក្រុង និងស្រុកមួយចំនួនរបស់ខេត្តបណ្តាលអោយប្រជាពលរដ្ឋមួយភាគបានទទួលរងគ្រោះដោយខ្យល់កំណាចនេះ។ ដោយឡែកក្នុងភូមិសាស្ត្រស្រុកជីក្រែងមានប្រជាពលរដ្ឋ១៣០គ្រួសារបានទទួលរងគ្រោះ ដែលក្នុងនោះរលំផ្ទះចំនួន១ខ្នង ប៉ះពាល់ធ្ងន់ចំនួន១២៧ខ្នង និងជនរងគ្រោះដោយរន្ទះ២នាក់។ ចំណែកអំណោយមនុស្សធម៌ដែលគេបានយកទៅចែកជូនពួកគាត់ត្រូវបានធ្វើឡើងនៅបរិវេណវត្តក្របីរៀល ក្នុងឃុំគោកធ្លកក្រោម ស្រុកជីក្រែង។

អំណោយដែលបានបែងចែកនាពេលនោះមាន គ្រួសាររលំផ្ទះទទួលបានមុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ អំបិល១គីឡូក្រាម ស័ង្កសី១៦សន្លឹក និងថវិកា១៥ម៉ឺនរៀល។ គ្រួសារប៉ះពាល់ធ្ងន់ធ្ងក៏ទទួលបានដូចគ្នាដែរតែខុសត្រង់ទទួលបានស័ង្កសី១០សន្លឹក និងថវិកា៥ម៉ឺនរៀល។ ចំណែកគ្រួសារអ្នករងគ្រោះដោយរន្ទះបាញ់ក៏ទទួលបានកញ្ចប់អំណោយដូចខាងលើ តែអត់មានស័ង្កសី និងទទួលបានថវិកាក្នុង១នាក់ ២០ម៉ឺនរៀល។

ក្នុងឱកាសនោះ លោក គុជ លីណា បានសម្តែងនូវការសោកស្តាយចំពោះការខូចខាតផ្ទះសំបែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋរងគ្រោះដែលនេះជាគ្រោះមហន្តរាយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ និងបានសម្ដែងការអាណិតអាសូរ ដោយបានបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតរបស់បងប្អូនក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ទន្ទឹមនឹងនេះ លោក គុជ លីណា បានអំពាវនាវឱ្យបងប្អូនមានការប្រុងប្រយ័ត្នចំពោះផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលនឹងកើតមានឡើងក្នុងរដូវប្រាំងនេះ។ ហើយម្យ៉ាងវិញទៀតសុខភាពក៏ជារឿងសំខាន់ណាស់ដែរ ទាំងសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះបំផុត ដើម្បីឆាប់បានពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា៕
ដោយ ហង្ស សៀក





