ខេត្តសៀមរាបប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ២០២៥-២០២៩
AKP សៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- រដ្ឋបាលខេត្តសៀមរាបបានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ (២០២៥-២០២៩) នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្នុងសាលប្រជុំរបស់សាលាខេត្ត និងដឹកនាំប្រជុំដោយលោកជំទាវ យូ សុភា សមាជិកាក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី។

ក្នុងកិច្ចប្រជុំ លោកជំទាវ យូ សុភា បានជំរុញដល់គ្រប់មន្ទីរ ស្ថាប័ន អង្គភាព នៅក្នុងរដ្ឋបាលខេត្តសៀមរាបទាំងអស់ ត្រូវធ្វើការលើកនូវគម្រោងផែនការរបស់សាមីមន្ទីរ ស្ថាប័ន អង្គភាពរបស់ខ្លួន ដាក់ចូលក្នុងផែនការអភិវឌ្ឍន៍របស់រដ្ឋបាលខេត្ត ហើយ ក៏ត្រូវដាក់ទៅតាមរយៈសាមីក្រសួងរបស់ខ្លួនផងដែរ។ សម្រាប់គ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមផ្តល់យោបល់ ពិភាក្សាទៅលើក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន ដែលជាធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ រួមមាន យុទ្ធសាស្រ្តអភិវឌ្ឍន៍សេដ្ឋកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គមកិច្ច យុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់គ្រងរដ្ឋបាល សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឈានទៅរៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នំាក្នុងអាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត ដើម្បីឆ្លើយតបទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ យូ សុភា បានបន្តទៀតថា ដើម្បីធានាបាននូវនិរន្តភាពនៃការអភិវឌ្ឍន៍ខេត្ត ក្រុមប្រឹក្សាខេត្តបានកំណត់ពីចក្ខុវិស័យ គោលបំណង គោលដៅយុទ្ធសាស្ត្រ សូចនាករ និងចំណុចដៅសំខាន់ៗដែលត្រូវសម្រេចឲ្យបានក្នុងរយៈពេល៥ឆ្នាំនៃអាណត្តិទី៤របស់ក្រុមប្រឹក្សាខេត្ត ហើយធានាឱ្យមានសង្គតិភាពជាមួយផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់វិស័យជំនាញ។ ហើយក្រុមប្រឹក្សាខេត្តត្រូវមានសៀវភៅផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ (២០២៥-២០២៩) ក្នុងអាណត្តិរបស់ខ្លួន ហើយសៀវភៅនេះត្រូវបានក្រុមការងារកសាងផែនការខេត្ត បានខិតខំរៀបចំនិងចងក្រងជាសេចក្តីព្រាងសម្រាប់ដាក់ជូន គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ពិនិត្យ និងផ្តល់យោបល់។

លោកជំទាវ យូ សុភា ស្នើឱ្យសមាជិកកិច្ចប្រជុំរួមគ្នាពិនិត្យ និងផ្តល់យោបល់ កំណត់នូវបញ្ហាប្រឈមនានាដែលមានកន្លងមក ក្នុងការអនុវត្តតួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋាន ផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុមការងារកសាងផែនការ ដើម្បីដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។
ទន្ទឹមនឹងនេះ លោកជំទាវសង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំនាថ្ងៃនេះគឺពិតជាមានសារៈសំខាន់ ដែលជាតម្រូវការចាំបាច់ សម្រាប់ការរៀបចំគម្រោង សកម្មភាពអាទិភាពចាំបាច់នានា និងអស់លោក លោកស្រីទាំងអស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញទៅតាមទម្រង់ បញ្ចូលទៅក្នុងកិច្ចដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដើម្បីរៀបចំឱ្យបានត្រឹមត្រូវទៅតាមជំហាននីមួយៗ និងនិតិវិធីណែនាំ៕
ដោយ ហង្ស សៀក





