សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យពិនិត្យមើលឡើងវិញ ចំពោះមន្ត្រីសកម្មនិងធ្វើការ១០ឆ្នាំឡើងហើយអត់ដែលទទួលបានមេដាយសោះ ដើម្បីរៀបចំផ្ដល់ជូនជាទ្រង់ទ្រាយធំ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ -- សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យពិនិត្យមើលឡើងវិញ ចំពោះមន្ត្រីសកម្មនិងធ្វើការ១០ឆ្នាំឡើងហើយអត់ដែលទទួលបានមេដាយ ដើម្បីរៀបចំមេដាយផ្ដល់ជូនមន្ត្រីទាំងនោះក្នុងលក្ខណៈទ្រង់ទ្រាយធំ។

តាមរយៈសារជាសំឡេង នារសៀលថ្ងៃទី១៩មីនានេះ សម្ដេចធិបតី បានឱ្យដឹងថា សម្ដេចបានទទួលសារជាច្រើនតាមបណ្ដាញសង្គមពី លោកគ្រូ អ្នកគ្រូ និងមន្ត្រីដែលបានធ្វើ១០ទៅ២០ឆ្នាំហើយ ប៉ុន្តែមិនទាន់ទទួលបានមេដាយមួយសោះ ទោះបីមានគោលការណ៍ស្នើសុំជាប្រចាំពីក្រសួង ស្ថាប័ន ដើម្បីលើកទឹកចិត្តមន្ត្រីក៏ដោយ។ ជុំវិញបញ្ហាចន្លោះប្រហោងនេះ សម្ដេចបានស្នើឱ្យថ្នាក់ដឹកនាំ ក្រសួងស្ថាប័នថ្នាក់ជាតិនិងក្រោម ជាធ្វើការងារចំពោះមុខនិងបន្ទាន់ពីរយ៉ាង។
ក្នុងសម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«ខ្ញុំឱ្យធ្វើកិច្ចការងារពីរចំពោះមុខនិងបន្ទាន់ធ្វើម្ដង គឺជូនទៅទៅស្ដីការគណៈរដ្ឋមន្ត្រីដើម្បីបង្កើតក្រុមការងារចំពោះកិច្ចមួយសម្រាប់ធ្វើការពិសេសមួយនេះដោយធ្វើការសហការជាមួយជំនាញរបស់ក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីស្រង់ឈ្មោះមន្ត្រីដែលបានធ្វើការងារយ៉ាងតិច១០ឆ្នាំឡើងហើយសកម្ម មានវត្តមានជាប់ជាប្រចាំ មិនែមនមានបញ្ហាអីទេ ហើយដែលមិនដែលបានមេដាយសោះ ដើម្បីយើងធ្វើការរៀបចំជូនគាត់តែម្ដងជាលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្តែសូមបញ្ជាក់ថា យន្តការនេះគឺជាយន្តការពិសេសធ្វើតែម្ដងទេ សុំឱ្យពិនិត្យទាំងមន្ត្រីក្របខណ្ឌ ទាំងមន្ត្រីកិច្ចសន្យាដែលធ្វើការលើសពីដប់ឆ្នាំហើយ ហើយមិនទាន់បានទទួលមេដាយអីសោះ ដើម្បីយើងរៀបចំមេដាយជូន ហើយសូមផ្ដោតធ្វើឱ្យច្បាស់ថា មន្ត្រីដែលសកម្មនិងមានវត្តមានធ្វើការ មិនមែនមន្ត្រីដែលអត់មានមុខមកធ្វើការទេ ឬមួយមានបញ្ហាអីផ្សេងៗនោះទេ សូមឱ្យចំគោលដៅតែម្ដង»។
ដោយឡែកសម្រាប់ការស្នើសុំមេដាយលើកទឹកចិត្តសម្រាប់មន្ត្រីក្រសួងផ្សេងទៀត សម្ដេចបាន ឱ្យក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការវាយតម្លៃនិងស្នើសុំ ដូចដែលបានធ្វើកន្លែងទៅតាមនីតិវិធីជាធរមានដោយផ្អែកលើស្នាដៃ អតីតភាព និងលក្ខខណ្ឌនានាដែលមានចែងក្នុងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន ប៉ុន្តែក្នុងន័យនេះដែរ សម្ដេចសូមឱ្យឯកឧត្តម វង្សី វិស្សុត ពិនិត្យមើលបន្ថែមផងដែរ។
យោងតាម សារាចរណែនាំលេខ ០១ ដែលចេញកាលពីឆ្នាំ២០០១ ដែលកំណត់ឱ្យស្នើសុំកូតានៃការស្នើសុំគ្រឿងឥស្សរិយយសប្រចាំឆ្នាំមិនឱ្យលើសពី១០ភាគរយនៃក្របខណ្ឌសរុបរបស់ក្រសួងស្ថាប័ន ហើយក្នុងនោះមានកំណត់ជាភាគរយគោលការណ៍មួយចំនួនសម្រាប់ក្របខណ្ឌមន្ត្រីជាន់ខ្ពស់ មន្ត្រីក្រមការ និងមន្ត្រីលេខាធិការផ្សេងៗហើយឆ្លាស់វេនគ្នាពីរឆ្នាំម្ដង។
ពាក់ព័ន្ធបញ្ហានេះ សម្ដេចធិបតី បានឱ្យទីស្ដីការគណៈរដ្ឋមន្ត្រី និងមន្ត្រីជំនាញសិក្សាដើម្បីរៀបចំជាសារាចរណែនាំថ្មីមួយ ឱ្យស្របទៅតាមស្ថានភាពជាក់ស្ដែង ព្រោះបើនៅតែបន្តកំណត់កូតាត្រឹម១០ភាគរយនេះគឺអាចលំបាកក្នុងការផ្ដល់ឱកាសសម្រាប់មន្ត្រីរាជការបានទទួលនូវមេដាយ។
សម្ដេចធិបតី បានថ្លែងទៀតថា«ពិតណាស់ យើងមិនអាចផ្ដល់ម្ដង១០០ភាគរយទេ ប៉ុន្តែយើងត្រូវពិនិត្យរៀបចំនូវចំនួនកំណត់ណាមួយដែលអាចផ្ដល់ភាពបត់បែនទៅដល់ក្រសួងស្ថាប័នថ្នាក់ក្រោមជាតិក្នុងការផ្ដល់ការលើកទឹកចិត្តស្នើសុំមេដាយនេះជួនដល់មន្ត្រីរបស់យើងដែលមានចំនួនច្រើនហើយអនុលោមទៅតាមលក្ខខណ្ឌ លក្ខណៈសម្បត្តិមួយចំនួនក្នុងការផ្ដល់ឱ្យនោះ»៕
ដោយ៖ គង់ សិរីរ័ត្ន





