ឯកឧត្តម នេត្រ ភក្រ្តា ៖ ការសិក្សារបស់និស្សិតត្រូវតែផ្សារភ្ជាប់ជាមួយការងារជាក់ស្តែង ដកស្រង់បទពិសោធន៍ ដើម្បីតម្រង់ទិសដល់ការសិក្សាឱ្យស្របតាមឧបនិស្ស័យដែលខ្លួនចង់រៀន និងធ្វើការងារឱ្យចំជំនាញ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តដល់និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា ត្រូវឆ្លៀតពេលមកធ្វើការសិក្សា ស្រាវជ្រាវស្វែងយល់បន្ថែម ដើម្បីតម្រង់ទិសដល់ការសិក្សារបស់យើងឱ្យបានល្អ ជាពិសេសការសិក្សារបស់និស្សិតត្រូវតែផ្សារភ្ជាប់ជាមួយការងារជាក់ស្តែង ដកស្រង់បទពិសោធន៍ ដើម្បីតម្រង់ទិសដល់ការសិក្សាឱ្យស្របតាមឧបនិស្ស័យដែលខ្លួនចង់រៀន និងធ្វើការងារឱ្យចំជំនាញ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ការដកស្រង់បទពិសោធន៍នេះ គឺជាការត្រៀមខ្លួនយើងរួចជាស្រាច់នៅក្នុងក្របខ័ណ្ឌជាមន្ត្រីរាជការ ឬជាអ្នកបម្រើការងារនៅក្នុងវិស័យឯកជនផ្សេងៗ។ ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអនុញ្ញាឱ្យនិស្សិតនៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជិត ២០០អង្គ/នាក់ ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់និស្សិតនាឱកាសនេះ ធ្វើឡើងស្ថិតក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដើម្បីបើកឱកាសឱ្យសិស្ស និស្សិតដែលកំពុងសិក្សានៅសាលាប៊ែលធីអាចផ្សារភ្ជាប់ការសិក្សាអំពីទ្រឹស្តី និងការអនុវត្ត ហើយបើសិនជាយើងមិនបានផ្សារភ្ជាប់រវាងការសិក្សាជាមួយទ្រឹស្តីនោះទេ គឺជួបការលំបាកនៅពេលចេញទៅធ្វើការងារ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីតួនាទីសំខាន់របស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថា មនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ, មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រចចិត្តត្រឹមត្រូវ ឬខុស សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គម,សារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការចែករំលែកដល់និស្សិតដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យនានា ឱ្យបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ ប្រមូលឯកសារផ្សេងៗបន្ថែមទៀត ដើម្បីក្លាយជាទុននៃចំណេះដឹងសម្រាប់ចូលរួមចំណែកបម្រើសង្គមជាតិកាន់តែរីកចម្រើន។
សូមជម្រាបជូនថា ការធ្វើទស្សនកិច្ចរបស់ និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងគោលបំណងដើម្បីឱ្យបានយល់ដឹងអំពីការបំពេញកិច្ចការងារ បទពិសោធន៍ ទ្រឹស្ដីដែលបានសិក្សានៅក្នុងថ្នាក់មកអនុវត្តន៍ផ្ទាល់ ជាពិសេស ទស្សនកិច្ចសិក្សាមួយនេះ អាចជួយពង្រឹងកិច្ចសហប្រត្តិបត្តិការរវាងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ និងក្រសួងព័ត៌មាន ហើយក៏ជាឱកាសការងារដ៏ល្អមួយសម្រាប់និស្សិតផងដែរ ៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





