រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ចែករំលែកចំណេះដឹងអំពីតួនាទីក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិជិត ២០០នាក់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញពីប្រវត្តិ និងចែករំលែកពីតួនាទីដ៏មានសារៈសំខាន់របស់ក្រសួងព័ត៌មាន លើការងារគ្រប់គ្រងព័ត៌មាន និងសារធារណមតិជូនដល់និស្សិតសាកលវិទ្យាល័យប៊ែលធី អន្តរជាតិចំនួន ១៧២នាក់។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យនិស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជិត ២០០អង្គ/នាក់ ដែលបានមកធ្វើទស្សនកិច្ចសិក្សានៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ដំណើរទស្សនកិច្ចសិក្សារបស់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិនេះ ធ្វើឡើងក្រោមកិច្ចព្រមព្រៀងរវាងក្រសួងព័ត៌មាន និងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្នុងការផ្តល់ឱកាសដល់សិស្សនិស្សិតផ្សារភ្ជាប់រវាងការសិក្សាទ្រឹស្តី និងការអនុវត្តជាក់ស្តែង ព្រមទាំងការត្រៀមខ្លួនសម្រាប់បំពេញការងារទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងឯកជន។
ក្នុងឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានណែនាំដល់និស្សិតដែលកំពុងសិក្សានៅតាមមហាវិទ្យាល័យនានា ឱ្យខិតខំប្រឹងប្រែងស្រាវជ្រាវ ប្រមូលឯកសារផ្សេងៗបន្ថែមទៀត ដើម្បីក្លាយជាទុននៃចំណេះដឹងសម្រាប់ចូលរួមចំណែកបម្រើសង្គមជាតិជាដើម ខណៈក្រសួងព័ត៌មាន គឺបើកចំហជានិច្ច ឱ្យសិស្សនិស្សិតនានា មកទស្សនកិច្ចសក្សាស្វែងយល់ពីកិច្ចការងារប្រចាំថ្ងៃរបស់ក្រសួងព័ត៌មាន ផងដែរ។ ឯកឧត្ដមរដ្ឋមមន្រ្ដីបានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ មានសិស្សនិស្សិតប្រមាណ ១ ពាន់នាក់ បានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីកិច្ចការងាររបស់ក្រសួងព័ត៌មាន ក្នុងនោះថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មានបានធ្វើបទបង្ហាញជូនដល់សិស្សនិស្សិតឱ្យបានយល់ដឹង។

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងនូវតួនាទីរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដោយបានបញ្ជាក់ថាមនុស្សត្រូវការព័ត៌មានជាចាំបាច់ក្នុងជីវភាពប្រចាំថ្ងៃ មនុស្ស និងព័ត៌មានមិនអាចកាត់ផ្តាច់ចេញពីគ្នាសារព័ត៌មានជាអំណាចទី៤ ហើយប្រព័ន្ធផ្សព្វផ្សាយជាយន្តការចែករំលែកព័ត៌មានសម្រាប់ចំណេះដឹងសង្គម ដែលជាមូលដ្ឋានក្នុងការសម្រចចិត្តត្រឹមត្រូវ ឬខុស សារព័ត៌មានធ្វើឱ្យមានស្ថិរភាព ឬចលាចលក្នុងសង្គមហើយសារព័ត៌មានដើរតួក្នុងការឆ្លុះបញ្ចាំងពីតថភាពពិត។

ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានរំលេចផងដែរនូវអ្វីដែលសំខាន់នោះ គឺក្រសួងព័ត៌មាន ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតជាសំខាន់លើការធានាឱ្យបាននូវសន្តិសុខព័ត៌មានសម្រាប់ប្រជាពលរដ្ឋ ហើយភាពជឿជាក់នៃស្ថាប័នសារព័ត៌មាន មិនមែនគ្រាន់តែជាបញ្ហានៃក្រមសីលធម៌អ្នកសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែគឺជាមូលដ្ឋានគ្រឹះនៃសន្តិសុខជាតិ និងស្ថិរភាពសង្គមរបស់យើងផងដែរ៕\

ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





