មន្ទីររៀបចំដែនដីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ៥ឃុំ ក្នុងស្រុកពញាឮ
AKP កណ្ដាល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១០ភូមិ ៥ឃុំដែលស្ថិតក្នុងឃុំភ្នំបាត ឃុំវិហារលួង ឃុំឃ្លាំង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ស្មើនឹង៦ ៦៥៣ ក្បាលដី នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ នៅបរិវេណវត្តអង្គសិរី ក្រោមអធិបតីភាពលោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល ។

ក្នុងឱកាសនោះ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានថ្លែងថា ពិធីបិទផ្សាយទិន្នន័យក្បាលដីនាពេលនេះគឺពិតជាមានសារៈសំខាន់ និងជាផលប្រយោជន៍ដែលបងប្អូននឹងទទួលបាននាពេលខាងមុខគឺបណ្ណកម្មសិទ្ធស្របច្បាប់នៅលើដីស្របច្បាប់។ ដូច្នេះសូមប្រជាពលរដ្ឋត្រូវមកពិនិត្យទិន្នន័យក្បាលដីឱ្យបានគ្រប់គ្នា បើមានខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យ ប្រភេទដី ត្រូវរាយការណ៍មកមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តដែលនៅប្រចាំការនៅទីនេះ រយៈពេល១៥ថ្ងៃ ដើម្បីកែតម្រូវឱ្យមានភាពត្រឹមត្រូវ និងធ្វើឱ្យដំណើរការនៃការចុះបញ្ជីនេះបានកាន់តែលឿន និងឆាប់រហ័សហើយទទួលបានបណ្ណ កម្មសិទ្ធទាំងអស់គ្នាចៀសវាងការទន្រ្ទានកាន់កាប់ពីជនខិលខូច។ រាជរដ្ឋាភិបាលកម្ពុជាដែលមានក្រសួង និងមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ជាសេនាធិការរួមសហការជាមួយអាជ្ញាធរដែនដីបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ទ្រព្យគ្រប់ក្រុមគ្រួសារទទួលបាននូវប័ណ្ណកម្មសិទិ្ធស្របច្បាប់ច្បាស់លាស់ត្រឹមត្រូវធានាដោយរដ្ឋគ្មានការភ័យខ្លាចពីការបាត់បង់ដីរបស់ខ្លួនពីពេលនេះ ទៅថ្ងៃអនាគត។

បើតាមរបាយការណ៍របស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា ស្រុកពញាឮ បានបិទផ្សាយរួចមកដល់ពេលនេះចំនួន២១លើក ហើយការបិទផ្សាយនាពេលនេះមានចំនួន១០ភូមិ គឺភូមិធ្យូង ភូមិចេតិយ៍ថ្មី ឃុំវិហារលួង ភូមិឃ្លាំង ភូមិព្រៃផ្ចឹក ឃុំឃ្លាំង ភូមិម្លូម៉ឺន ភូមិជ័យឧត្តម ភូមិចំបក់មាស ឃុំផ្សារដែក ភូមិក្រោលខៀវ ភូមិត្រពាំងស្លែង និងភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ដែលមានចំនួន៦,៦៥៣ក្បាលដី ក្នុងនោះបានចែកបណ្ណរួចចំនួន ១៤លើក សរុបបានចំនួន ១៤,៥០៨បណ្ណ ហើយការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី១៩ ខែមីនា ដល់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





