ពិធីដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងជំនួយខ្នាតតូចរបស់អង្គការការីតាសស្វីសដល់សាលារៀនគោលដៅ នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--
ពិធីដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោងប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤ ដែលជាជំនួយរបស់អង្គការការីតាសស្វីស ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិកនៅសាលាបឋមសិក្សាទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ តំណាង ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

ពិធីនេះមានគោលបំណងលើកកម្ពស់គុណភាពអប់រំ និងសុខុមាលភាពសិស្សានុសិស្សតាមរយៈការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងសម្ភារៈសិក្សាដែលចាំបាច់ដល់សាលាគោលដៅចំនួន២០ និងជំនួយខ្នាតតូចដល់៤០សាលាផ្សេងទៀត។
ក្នុងឱកាសនោះ លោកស្រី រស់ សុផានី បានមានប្រសាសន៍ថា ការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យនេះ នឹងជួយលើកកម្ពស់សុខភាព និងអនាម័យរបស់សិស្សានុសិស្ស ដែលជាកត្តាសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការសិក្សា។ លើសពីនេះ ជំនួយខ្នាតតូចដែលផ្តល់ដោយអង្គការការីតាសស្វីស នឹងជួយគាំទ្រដល់ការបង្រៀន និងរៀនសូត្ររបស់សិស្សានុសិស្សឱ្យកាន់តែប្រសើរឡើង។ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពអប់រំនៅទូទាំងប្រទេស ហើយការគាំទ្រពីអង្គការដៃគូអភិវឌ្ឍន៍ ដូចជាអង្គការការីតាសស្វីស គឺជាកត្តាសំខាន់ក្នុងការសម្រេចបាននូវគោលដៅនេះ។

ជាមួយគ្នានេះដែរ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការការីតាសស្វីស ដែលបានផ្តល់ជំនួយដ៏មានតម្លៃនេះដល់សាលារៀនរបស់យើង។ ជំនួយនេះនឹងជួយឱ្យសិស្សានុសិស្សរបស់យើងមានលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព។ មន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ នឹងបន្តសហការជាមួយអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីធានាថា សិស្សានុសិស្សទាំងអស់នៅខេត្តបន្ទាយមានជ័យ ទទួលបានការអប់រំប្រកបដោយគុណភាព និងសមធម៌។

ការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងជំនួយខ្នាតតូចនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អង្គការការីតាសស្វីសក្នុងការគាំទ្រដល់ការអប់រំនៅកម្ពុជា។ អង្គការនេះបានធ្វើការនៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហើយបានផ្តល់ជំនួយដល់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងប្រទេស។ ការគាំទ្ររបស់អង្គការការីតាសស្វីស និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងរួមចំណែកដល់ការកែលម្អគុណភាពអប់រំ និងសុខុមាលភាពរបស់សិស្សានុសិស្សនៅខេត្តបន្ទាយមានជ័យ និងទូទាំងប្រទេសកម្ពុជា៕
ដោយ ឈុន សារ៉ាត





