ឯកឧត្តម នេត សាវឿន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវមណ្ឌលសុខភាពពាមកោះស្នា ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់
AKP កំពង់ចាម ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី រួមជាមួយប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពពាមកោះស្នា ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងសេចក្តីរាយការណ៍របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថាក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ លាង មួចឆេង ហ៊ុនណង ដែលលោកជំទាវ មើលឃើញពីការលំបាកក្នុងការផ្តល់សេវាដោយអគារមណ្ឌលសុខភាពឃុំពាមកោះស្នា តូច និងគ្មានបន្ទប់គ្រប់គ្រាន់សម្រាប់ផ្តល់សេវាសុខាភិបាល ពិសេសសម្រាប់បុគ្គលិកសម្រាក យាមប្រចាំការពេលយប់ លោកជំទាវបានសម្រេចផ្តល់អគារថ្មី១ខ្នងដែលមានទទឹង១៣ម៉ែត្រ បណ្តោយ១៩ម៉ែត្រ មាន៨បន្ទប់ ខ្ចុះធ្វើពីដែកប្រក់ក្បឿង ចំនួន១ខ្នង ឃ្លាំងដាក់សម្ភារ១ខ្នង ទំហំ៣,៦០ម៉ែត្រគុណ៤ម៉ែត្រ រោងដាក់ឡាន១ខ្នងទំហំ៥ម៉ែត្រគុណ៨,២០ម៉ែត្រ រួមទាំងធ្វើការចាក់សាប ធ្វើរបងព័ទ្ធជុំវិញ ព្រមទាំងក្លោងទ្វារ ដោយចំណាយថវិកាសរុបប្រមាណ ១៤៥.៦៧៨,៨៩ ដុល្លាអាមេរិក។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការដាក់សម្ពោធប្រើប្រាស់នូវមណ្ឌលសុខភាពពាមកោះស្នា ក្នុងស្រុកស្ទឹងត្រង់ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការបម្រើសេវាកម្មសុខភាពជូនដល់សាធារណជន ក្នុងការសង្គ្រោះ ព្យាបាល ថែរក្សាសុខភាពជូនប្រជាពលរដ្ឋយើងនៅជិតឆ្លើយតប និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយពង្រឹងវិស័យសុខាភិបាល និងវិស័យសុខុមាលភាពជូនដល់ប្រជាពលរដ្ឋ ព្រោះវិស័យសុខាភិបាល និងសុខុមាលភាពនេះ គឺជាវិស័យអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល៕

ដោយ ឆាយ ម៉ុត





