គណៈកម្មាធិការ ICC Preah Vihear បើកកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី១០ នៅខេត្ដសៀមរាប
AKP សៀមរាប ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ ហៅកាត់ថា ICC Preah Vihear នៅថ្ងៃទី១៩ ខែមីនាឆ្នាំ២០២៥ បានបើកកិច្ចប្រជុំពេញអង្គ និងបច្ចេកទេសលើកទី១០របស់ខ្លួន នៅខេត្ដសៀមរាប ដើម្បីពិភាក្សាគ្នាលើការជួសជុល ការអភិរក្ស និងការអភិវឌ្ឍតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

នៅក្នុងកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញបានលើកឡើងនូវរបាយណ៍អំពីកិច្ចការងារជួសជុល ការអភិរក្ស និងការអភិវឌ្ឍនៅរមណីយដ្ឋានប្រាសាទព្រះវិហារ រួមមានផែនការណ៍ទូទៅនៃគម្រោងអភិរក្ស និងជួសជុលគោបុរៈទី១ ទី២ និងទី៣នៃប្រាសាទព្រះវិហារ ដំណាក់កាលទី១ វឌ្ឍនភាពការងារអភិរក្ស និងជួសជុលគោបុរៈទី៥ និងស្ពានហាលបង្កាន់ដៃនាគ នៃប្រាសាទព្រះវិហារ ព្រមទាំងបានលើកពីកិច្ចសហការស្រាវជ្រាវរវាងស្ថាប័ន ASI និងវិទ្យាស្ថាន ITC អំពីការវិភាគស្ថិរភាពជម្រាលនៅជណ្តើរខាងជើង និងការសិក្សាសមិទ្ធិលទ្ធភាពអំពីតិចតូនិច វឌ្ឍនភាពអំពីការគ្រប់គ្រងប្រព័ន្ធរំដោះទឹក។ បង្ហាញពីរបាយការណ៍វឌ្ឍនភាពអំពីការសិក្សាគ្រឹះគោបុរៈទី៤នៃប្រាសាទព្រះវិហារ និងបង្ហាញពីររបាយការណ៍អំពីបញ្ជីសារពើភណ្ឌវត្ថុបុរាណនៅជុំវិញប្រាសាទព្រះវិហារ។ គម្រោងអភិរក្ស និងជួសជុលស្ពានហាលខាងលិច។

ដោយឡែក នៅរមណីយដ្ឋានប្រាសាទកោះកេរ អ្នកជំនាញបានលើកឡើងអំពីការងារអភិរក្ស និងអភិវឌ្ឍ របាយការណ៍វឌ្ឍនភាពអំពីសកម្មភាពអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្កត្បូង សកម្មភាពអភិរក្ស និងជួសជុលប្រាសាទគោកគ្រង សកម្មភាពអភិរក្ស និងជួសជុលប្រាសាទប្រាំ ការស្រាវជ្រាវបុរាណវិទ្យានៅគោកដីឆ្នាំងក្នុងតំបន់ប្រាសាទកោះកេរ ព្រមទាំងការសហការសិក្សាស្រាវជ្រាវរួមគ្នារវាងអាជ្ញាធរជាតិព្រះវិហារ និងគម្រោងភូមិបុរាណវិទ្យាស្តីពី “ការយល់ដឹងថ្មី អំពីការរៀបចំក្រុងសម័យអង្គរ៖ ការតាំងទីលំនៅបុរាណនៅប្រាសាទបន្ទាយពីរជាន់ និងប្រាសាទថ្នល់ឫស្សីផងដែរ។
ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានថ្លែងថា គម្រោងមួយទៀតគឺត្រូវបានរាជរដ្ឋាភិបាលកម្ពុជាផ្តួចផ្តើមសាងសង់ផ្លូវតភ្ជាប់ពីផ្លូវបេតុងដែលមានស្រាប់ពីមុខវត្តទៅគោបុរៈទី១។ ផ្លូវនេះផ្តល់លទ្ធភាពដល់ការគ្រប់គ្រងសកម្មភាពអភិរក្ស និងជួសជុល ហើយទន្ទឹមនឹងនោះ ផ្លូវនេះនឹងកាត់បន្ថយផលប៉ះពាល់នៃផ្លូវចូលដែលមានស្រាប់លើរចនាសម្ព័ន្ធប្រាសាទផងដែរ។ ក្រុមការងារបានធ្វើកំណាយបុរាណវិទ្យានៅប្រាសាទតូចជើងភ្នំ ដើម្បីសិក្សាពីមូលដ្ឋានគ្រឹះ និងស្វែងរកប្រព័ន្ធលូ ហើយក៏បានធ្វើការវាយតម្លៃហានិភ័យ និងអនុវត្តរចនាសម្ព័ន្ធគាំទ្រនៅតំបន់ដែលមានហានិភ័យខ្ពស់។

ទន្ទឹមនឹងនេះ ឯកឧត្ដមបានបន្ថែមថា នៅខាងត្បូងប្រាសាទព្រះវិហារ ចម្ងាយប្រហែល១៥ គីឡូម៉ែត្រ ត្រូវបានគេរកឃើញ ហើយគេហៅថាប្រាសាទអង្គក្រង ដោយក្រុមការងារក៏បានធ្វើការសិក្សាបឋម និងការវាយតម្លៃហានិភ័យលើរចនាសម្ព័ន្ធ សិល្បៈ និងការតុបតែងប្រាសាទផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំបច្ចេកទេសលើកទី១០ នៃគណៈកម្មាធិការ ICC Preah Vihearនេះ ដឹកនាំដោយតំណាងប្រទេសចិន និងប្រទេសឥណ្ឌា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានវត្ដមានអង្គការដៃគូ អ្នកពាក់ព័ន្ធមកពីបណ្ដាប្រទេសមួយចំនួនផងដែរ៕
ដោយ ឃុត សៅ





