គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគបានផ្តល់ការងារលើកទឹកចិត្តលើផ្នែកទាំង៤ មានចំនួន២៦៩គម្រោង
AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋាន ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុនវិនិយោគដែលទទួលបានការលើកទឹកចិត្តតាមរយៈ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” ឆ្នាំ២០២៤-២០២៥ នាព្រឹកថ្ងៃពុធ ទី១៩ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត បានមានប្រសាសន៍ស្វាគមន៍កិច្ចប្រជុំពិភាក្សាជាមួយក្រុមហ៊ុន និងអ្នកវិនិយោគ ដែលទទួលបានការលើកទឹកចិត្តជំរុញការវិនិយោគពីរាជរដ្ឋាភិបាល។ រដ្ឋបាលខេត្តព្រះសីហនុនឹងជួយសម្របសម្រួលដល់វិនិយោគិនដែលទទួលបានការអនុញ្ញាតពីក្រុមការងារពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ប្រសិនបើមានការលំបាក និងបញ្ហាប្រឈមនានា យើងសូមស្វាគមន៍ចូលរួមដោះស្រាយនូវអ្វីដែលជាការលំបាករបស់អ្នកទាំងអស់គ្នាពាក់ព័ន្ធទៅនឹងការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ហើយថ្នាក់ដឹកនាំខេត្ត ចង់ឃើញអាជីវកម្មរបស់លោកអ្នក ជាពិសេសគម្រោងរបស់លោកអ្នកបើកដំណើរការដោយរលូនក្នុងការសាងសង់ រហូតដល់ការប្រកបរបអាជីវកម្មទទួលបានជោគជ័យ ហើយភាពជោគជ័យរបស់អ្នកទាំងអស់គ្នា គឺជាភាពជោគជ័យរបស់រដ្ឋបាលខេត្តផងដែរ ព្រោះយើងដើរលើផ្លូវតែមួយ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹម សុខធី ប្រធានលេខាធិការដ្ឋានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំពិភាក្សា ដើម្បីស្វែងយល់អំពីសុខទុក្ខ ការលំបាករបស់អ្នកវិនិយោគ ដើម្បីឱ្យការវិនិយោគនៅក្នុងខេត្តព្រះសីហនុធ្វើការវិនិយោគប្រព្រឹត្តទៅដោយរលូន។ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគឆ្នាំ ២០២៤ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានយល់ព្រមឱ្យបន្តកម្មវិធីនេះមួយឆ្នាំទៀត ហើយថ្ងៃនេះជាការជួបជុំជាមួយអ្នកវិនិយោគជាលើកទី២ ហើយអ្វីជាការអភិវឌ្ឍរបស់លោក លោកស្រីទទួលបានការលើកទឹកចិត្តរួចហើយ ចំពោះគម្រោងទាំងឡាយណាកំពុងដំណើរការក្នុងខេត្តព្រះសីហនុ ហើយពុំទាន់បានគោលការណ៍លើកទឹកចិត្ត ក៏អាចលើកយកមកពិភាក្សាគ្នា។

ឯកឧត្តមប្រធានលេខាធិការបានបញ្ជាក់ថា វឌ្ឍនភាពនៃកម្មវិធីពិសេសវិស័យហិរញ្ញវត្ថុ ឬធនាគារ បានដើតួនាទីសំខាន់ជាអ្នកផ្សព្វផ្សាយដល់អ្នកវិនិយោគិន ក្នុងការជួយកៀរគរវិនិយោគិន ព្រោះការវិនិយោគមានពីរ៖ ទី១. ទទួលទីផ្សារ និង២. គិតគូរប្រភពទុន ដូចជាធនធានមនុស្ស និងធនធានហិរញ្ញវត្ថុ។ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដាក់ឱ្យប្រើប្រាស់ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” គិតមកដល់ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមការងារជំរុញការវិនិយោគបានផ្តល់ការងារលើកទឹកចិត្តលើគម្រោងចំនួន២៦៩គម្រោង ក្នុងនោះគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងមានចំនួន១២៣គម្រោង គម្រោងមិនពាក់ព័ន្ធនឹងអគារជាប់គាំងជាគម្រោងថ្មី១១៣គម្រោង គម្រោងពង្រីកមានចំនួន២៣គម្រោង និងគម្រោងមានស្រាប់មាន១០គម្រោង ហើយគម្រោងទាំង៤នេះត្រូវបានលើកទឹកចិត្តផ្សេងៗគ្នា។ ដោយឡែក គម្រោងដែលមានស្រាប់មានការលើកទឹកចិត្តសម្របសម្រួលក្នុងន័យផ្តល់អនុលោមភាពលើកទឹកចិត្តក្រៅពីសារពើព័ន្ធ ក្នុងនោះគម្រោងនៅក្នុងវិស័យអចលនទ្រព្យមានចំនួន៤១ភាគរយ ក្នុងចំណោមគម្រោង២៦៩គម្រោង គម្រោងពាក់ព័ន្ធនឹងវិស័យទេសចរណ៍មានចំនួន ៣៣ភាគរយ គម្រោងពាក់ព័ន្ធនឹងវិស័យឧស្សាហកម្មមាន ២០ភាគរយ វិស័យសេវាកម្ម៣ភាគរយ និងវិស័យផ្សេងៗ៣ភាគរយ។ ចំពោះវិស័យអចលនទ្រព្យ និងទេសចរណ៍ភាគច្រើនពាក់ព័ន្ធនឹងអគារជាប់គាំង។ គោលដៅ "កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ” គឺការដោះស្រាយទៅលើអគារជាប់គាំង និងសកម្មភាពទូទៅ ក៏ដូចជាការរួមចំណែកក្នុងការដោះស្រាយអគារជាប់គាំង។
ឯកឧត្តមប្រធានលេខាធិការបានបន្តទៀតថា គិតត្រឹមខែមករា ២០២៥ មានគម្រោងបញ្ចប់ការសាងសង់មានចំនួន៧៩គម្រោង ទន្ទឹមនោះមានគម្រោង៨៤ កំពុងដំណើការសាងសង់ និង៨៧មិនទាន់ដំណើការ ដោយពាក់ព័ន្ធនឹងហិរញ្ញវត្ថុ និងទើបបានគោលការណ៍ថ្មីៗពីក្រុមការងារជំរុញការវិនិយោគ ក្នុងចំណោមគម្រោងទាំងអស់មានទុនវិនិយោគជាង៦ពាន់លានដុល្លា ហើយជាង២ពាន់លានដុល្លាបានដាក់ទុនរួចហើយ។ ដូច្នេះយើងត្រូវតែជំរុញថែទាំ ពិភាក្សាជាមួយវិនិយោគិននៅខេត្តព្រះសីហនុ និងការដាក់ទុនវិនិយោគបន្ថែមនៅខេត្តព្រះសីហនុ ទិសដៅបន្តជំរុញកម្មវិធីពិសេសដោយធ្វើការផ្សព្វផ្សាយពង្រឹងសមត្ថភាព ជំរុញវឌ្ឍនភាពការលើកទឹកចិត្ត ទាក់ទាញការថែទាំវិនិយោគ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធនឹងអគារជាប់គាំង និងបញ្ហាប្រឈមនានាក្នុងវិស័យឯកជន៕
ដោយ ងូ សុមុនី





