លោក សាយ គឹមឡម ណែនាំឱ្យអាជ្ញាធរភូមិ/ឃុំ ត្រូវយកចិត្តទុកដាក់ខ្ពស់ដល់ជីវភាពគ្រួសារមានពិការភាព និងងាយរងហានិភ័យ
AKP កំពង់ធំ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--
លោក សាយ គឹមឡម អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង បានណែនាំដល់អាជ្ញាធរភូមិឃុំត្រូវយកចិត្តទុកដាក់ខ្ពស់ដល់គ្រួសារជនមានពិការភាព និងងាយរងហានិភ័យ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារមានពិការភាព ងាយរងហានិភ័យ និងរងគ្រោះដោយខ្យល់កន្ត្រាក់នៅភូមិត្រពាំងជ័រ និងភូមិប្រាសាទ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដែលសម្តេចនិងឯកឧត្តមតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់សុខទុក្ខជីវភាពគ្រួសារ មានពិការភាព ងាយរងហានិភ័យ និងរងគ្រោះផ្សេងៗគ្រប់ពេលវេលា ព្រមទាំងបានណែនាំដល់អាជ្ញាធរឃុំចំណាលើត្រូវយកចិត្តទុកដាក់លើសុខុមាលភាពទូទៅ ជាពិសេសពេលពេលគាត់មានបញ្ហាសុខភាព ត្រូវជួយណែនាំក្នុងការទៅថែរក្សាព្យាបាលជំងឺនៅមណ្ឌលសុខភាពចំណាលើ ឬមន្ទីរពេទ្យបង្អែកស្ទោង ដោយប្រើប័ណ្ណក្រីក្រឬសមធម៌ដែលព្យាបាលដោយឥតគិតថ្លៃ ជាគោលនយោបាយដ៏យកចិត្តទុកដាក់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋហើយប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ។

លោក សាយ គឹមឡម បានមានប្រសាសន៍សង្កត់ធ្ងន់ថា ក្នុងនាមអាជ្ញាធរភូមិ/ឃុំ ត្រូវតែមានភាពប្រាកដប្រជា និងស្គាល់ពលរដ្ឋឱ្យច្បាស់ ជាពិសេសជនមានពិការភាព ងាយរងហានិភ័យ ឬជួបឧបទ្ទវហេតុផ្សេងៗ ហើយមិនត្រូវទុកពលរដ្ឋណាម្នាក់ដាច់បាយស្លាប់ដោយអាជ្ញាធរពុំបានដឹង ឬដេកឈឺស្លាប់ដោយពុំយកទៅព្យាបាលនៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដោយអាជ្ញាធរមិនដឹងឬមិនបានជួយសង្គ្រោះនោះឡើយ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋមានពិការភាព និងរងគ្រោះចំនួន៨គ្រួសារក្នុង១គ្រួសារទទួលបាននូវអង្ករ០១បេ មី០១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរ៕
ដោយ ស៊ុម វណ្ណា





