ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបំពេញទស្សនកិច្ច នៅការិយាល័យសេវាសង្គម Southwark នៅចក្រភពអង់គ្លេស
AKP ឡុងដ៍ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ព្រមទាំងគណៈប្រតិភូក្រសួង អញ្ជើញធ្វើទស្សនកិច្ចនៅការិយាល័យសេវាសង្គម Southwark និងបានជួបជាមួយលោកស្រី Helen Woolgar ជំនួយការនាយកផ្នែកកិច្ចការពារកុមារ និងថែទាំ ដើម្បីចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍អំពីការផ្ដល់សេវាកិច្ចការពារ និងថែទាំកុមារនៅតាមគ្រួសារធម៌ នីតិវិធីនៃការជ្រើសរើសគ្រួសារធម៌ ការត្រួតពិនិត្យតាមដាន ការបណ្ដុះបណ្ដាលជំនាញក្លាយជាម្ដាយធម៌ និងយុទ្ធនាការជ្រើសរើសគ្រួសារធម៌ នៅទីក្រុងឡុងដ៍ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះលោកស្រី និងសហការី ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូ និងការចែករំលែកនូវបទពិសោធន៍ការងារក្នុងនាមជាបុគ្គលិកសង្គម ផ្តល់សេវាកិច្ចការពារកុមារ និងការថែទាំនៅតាមគ្រួសារធម៌។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីពង្រឹងប្រសិទ្ធភាពលើការងារកិច្ចការពារកុមារ គឺត្រូវមានប្រព័ន្ធមួយដែលមានការរួមបញ្ចូលគ្នា និងគ្រប់តួអង្គពាក់ព័ន្ធ ដូចជាក្របខណ្ឌគតិយុត្តិ យន្តការមន្ត្រីរាជការ បុគ្គលិកអង្គការ កុមារ គ្រួសារ និងសហគមន៍ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអន្តរជាតិ។ ក្នុងនោះ បុគ្គលិកសង្គម គឺជាតួអង្គសំខាន់ ឬជាអ្នកជួរមុខ ដើម្បីផ្តល់សេវាកិច្ចការពារកុមារនៅថ្នាក់ក្រោមជាតិ ឬក្នុងសហគមន៍ ដោយអនុវត្តការងារសំខាន់ៗ ដូចជា ការគ្រប់គ្រងករណី ការប៉ាន់ប្រមាណ ការផ្តល់ប្រឹក្សាយោបល់ ផ្នែកចិត្តសង្គម ការអនុវត្តផែនការករណី ការពិនិត្យតាមដានករណី និងការបញ្ជូនទៅទទួលសេវាសង្គម។

ក្នុងជំនួបនេះដែរ លោកស្រី Helen Woolgar និងក្រុមបុគ្គលិកសង្គម បានបង្ហាញអំពីប្រព័ន្ធ និងនីតិវិធីនៃការអនុវត្តការងារថែទាំកុមារដោយគ្រួសារធម៌ និងនីតិវិធីនៃការជ្រើសរើសគ្រួសារធម៌។ ក្រុមបុគ្គលិកសង្គម ក៏បានចែករំលែកអំពីតួនាទី និងបទពិសោធន៍ការងាររបស់ខ្លួន ក្នុងការផ្តល់សេវាកិច្ចការពារកុមារ និងការថែទាំកុមារនៅក្នុងគ្រួសារធម៌ ដូចជាកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ការប៉ាន់ប្រមាណ ផ្តល់ការគាំទ្រដល់កុមារ និងគ្រួសារ និងការតាមដានត្រួតពិនិត្យ ដើម្បីធានាថាកុមារទទួលបានសុខសុវត្ថិភាព និងសុខុមាលភាពល្អ។

ក្នុងឱកាសនោះ កិច្ចពិភាក្សាក៏មានការចែករំលែកនូវបទពិសោធន៍ផ្ទាល់ជាច្រើនឆ្នាំរបស់ម្តាយធម៌ ពាក់ព័ន្ធនឹងការចូលរួមក្នុងយុទ្ធនាការជ្រើសរើសគ្រួសារធម៌ ការបណ្តុះបណ្តាលជំនាញដើម្បីក្លាយជាម្តាយធម៌ ការចិញ្ចឹមមើលថែទាំកុមារ និងការទទួលបានអត្ថប្រយោជន៍ និងប័ណ្ណសរសើរអំពីស្នាដៃនៃការថែទាំកុមារ ពីរដ្ឋាភិបាលជាដើម។

ជាថ្មីម្តងទៀត នៅមុនពេលបញ្ចប់នៃជំនួបពិភាក្សា ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកស្រី Helen Woolgar រួមទាំងក្រុមការងារបុគ្គលិកសង្គម និងម្តាយធម៌ ដែលបានទទួលបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងចែករំលែកមេរៀនព្រមទាំងបទពិសោធន៍ និងការអនុវត្តល្អៗនៃការបំពេញការងារក្នុងនាមជាបុគ្គលិកសង្គម និងជាម្តាយធម៌ ដើម្បីជួយដល់កុមារឱ្យទទួលបានក្តីស្រឡាញ់ សុភមង្គល ការការពារ និងការអភិវឌ្ឍប្រកបដោយសក្តានុពលពេញលេញ។ មេរៀន និងបទពិសោធន៍ល្អៗទាំងនេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា យកជាគំរូក្នុងថ្ងៃអនាគតដើម្បីបង្កើនប្រសិទ្ធភាពបន្ថែមទៀតក្នុងការអនុវត្តកម្មវិធីថែទាំកុមារដោយគ្រួសារធម៌៕
ដោយ AKP





