រដ្ឋមន្រ្ដីក្រសួងព័ត៌មាន កោតសរសើរថ្នាក់ដឹកនាំ សមាជិក ស.ស.យ.ក. វិស័យព័ត៌មាន ដែលបានចូលរួមបំពេញបេសកកម្មរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ខេត្តជាប់ព្រំដែនប្រកបដោយជោគជ័យ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានកោតសរសើរដល់ថ្នាក់ដឹកនាំ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន(ស.ស.យ.ក.) ដែលបានចូលរួមបំពេញបេសកកម្មរៀបចំដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋទៅកាន់ខេត្តជាប់ព្រំដែន ប្រកបដោយជោគជ័យ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ សហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មានវិស័យព័ត៌មាន បានធ្វើកិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្នុងការបំពេញបេសកកម្មយ៉ាងសំខាន់ចូលរួមរៀបចំដំណើរទស្សនកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់តំបន់តាមព្រំដែនភាគឦសាននៃប្រទេស ក្នុងនោះមានចំនួន ៥ខេត្ត រួមមាន ខេត្ដត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, មណ្ឌលគីរី និងខេត្តរនគិរី ដែលក្រសួងព័ត៌មានជាអ្នកសម្របសម្រួលរៀបចំ បានដោយជោគជ័យ ។ ការគូសបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យក្រុមការងារ ស.ស.យ.ក. វិស័យព័ត៌មាន ដឹកនាំដោយ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការងាររបស់ថ្នាក់ដឹកនាំ សមាជិកទាំងអស់ នៃ ស.ស.យ.ក. វិស័យព័ត៌មាន ក្នុងសកម្មភាពមនុស្សធម៌ កិច្ចការងារសង្គម ក្នុងវិស័យកីឡា ព្រមទាំងសកម្មភាពជាច្រើនទៀតដែលបម្រើដល់វិស័យព័ត៌មាន និងសង្គមជាតិ ។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការតម្រង់ទិសដល់ក្រុមការងារ ស.ស.យ.ក វិស័យព័ត៌មាន ត្រូវបន្តពង្រឹងសាមគ្គីភាព និងមានកិច្ចសហការល្អជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា គ្រប់បណ្តាក្រសួង ស្ថាប័ន ទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រីកបេសកកម្ម និងកិច្ចការងាររបស់ខ្លួន ក្នុងការបន្តចូលរួមចំណែកសម្រាប់សកម្មភាពសង្គម ការងារមនុស្សធម៌ និងកិច្ចការងារដទៃទៀតដែលបម្រើផលប្រយោជន៍រួម របស់ប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ។

ជាមួយគ្នានេះ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មានបានជម្រាបពីដំណើរការងាររួមរបស់ ស.ស.យ.ក. វិស័យព័ត៌មាន ដែលបានអនុវត្ដន៍ចាប់តាំងពីឆ្នាំ២០១៧ ដែលកាលនោះមានសមាជិកតែជាង ១៩០នាក់ប៉ុណ្ណោះ តែមកដល់ពេលនេះមានសមាជិកចុះឈ្មោះចូលថ្មីបន្ថែមកើនរហូតចំនួន ៤៣៦នាក់ ។ ឯកឧត្ដមបានបន្ដថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស.ស.យ.ក.វិស័យព័ត៌មាន តែងតែចូលរួមក្នុងសកម្មភាពការងារសង្គមបានជាច្រើន ព្រមទាំងសកម្មភាពផ្សេងៗមួយចំនួនជាមួយរាជរដ្ឋាភិបាល បណ្តាក្រសួង ស្ថាប័ន ពិសេសបានបំពេញតូនាទី និងកិច្ចការងារស្របតាមផែនការដែលបានដាក់ចេញ ដោយ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។

ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន ក៏បានគោរពស្នើសុំ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានធ្វើជាប្រធានកិក្តិយស សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន ដើម្បីជួយតម្រង់ឱ្យសកម្មភាពការងាររបស់ ស.ស.យ.ក. វិស័យព័ត៌មាន បានកាន់តែរីកចម្រើនបន្ថែមទៀត ។

ជាការឆ្លើយតប ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានក៏បានឯកភាពទទួលធ្វើជាប្រធានកិត្តិយស សហព័ន្ធយុវជនកម្ពុជាវិស័យព័ត៌មាន នៃក្រសួងព័ត៌មាន ៕


ដោយ៖ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា





