សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ចុះកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់ពីក្រុមការងាររាជរដ្ឋាភិបាល
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥-- សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ត្រាំកក់» ចុះកិច្ចព្រមព្រៀងទទួលអំណោយជាផ្ទះសំណាញ់១០០ខ្នង ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត-ខេត្តកែប-ខេត្តព្រះសីហនុ។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៥ថា នេះគឺជាការវិនិយោគសាធារណៈក្នុងទ្រង់ទ្រាយធំមួយពីសំណាក់រាជរដ្ឋាភិបាល ចាក់បញ្ចូលទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន ដែលបានបង្ហាញពីការប្តេជ្ញាចិត្តឈរជើងរឹងមាំយូរអង្វែង នៅលើទីតាំងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការ «ត្រីវិស័យ» រវាងសហគមន៍កសិកម្មទំនើបនៃក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹក និងគម្រោងភូមិគំរូនៃក្រសួងអភិវឌ្ឍន៍ជនបទ។ យើងជឿជាក់ថា បងប្អូនកសិករជាច្រើនពាន់គ្រួសារនៅក្នុងតំបន់នេះនឹងទទួលបានផលប្រយោជន៍ដោយផ្ទាល់ផង ប្រយោលផង ពីការវិនិយោគដ៏មានអត្ថន័យមួយនេះ ។

ក្រៅពីអំណោយសំណាញ់១០០ខ្នងរបស់ក្រុមការងាររាជរដ្ឋាភិបាល ក៏មានការបូករួមនឹងថវិកាបំពេញបន្ថែមជាជំនួយឥតសំណងពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP) ចំនួនជាង១៦ម៉ឺនដុល្លារ ផ្លូវថ្នល់បេតុង-កៅស៊ូ៥,៥គីឡូម៉ែត្រ និងប្រព័ន្ធស្រោចស្រពដោយមានបំពាក់ទុយោចែកចាយទឹកសម្រាប់ផ្ទៃដីដាំដុះចំនួន១ ១៥០ហិកតា សរុបមានតម្លៃជាទឹកប្រាក់ប្រហែល៤,២លានដុល្លារ៕


ដោយ ណយ នឿន





