ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា អញ្ជើញជាអធិបតីក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិបានយកចិត្តទុកដាក់ជំរុញការបណ្តុះបណ្តាល អភិវឌ្ឍវិស័យកីឡាដល់គ្រប់កងឯកភាពក្នុងកងយោធពលខេមរភូមិន្ទ ឱ្យមានភាពរីកចម្រើនគ្រប់ប្រភេទកីឡា ទាំងការហ្វឹកហាត់ ការប្រកួតផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេសទៅវិញទៅមក ទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមប្រកួតជាផ្លូវការ ជាលក្ខណៈជាតិ អន្តរជាតិ ទទួលបានលទ្ធផលល្អប្រសើរ ឆ្លើយតបតាមសំណូមពរភារកិច្ច ស្របតាមនយោបាយការពារជាតិ លើវិស័យកីឡា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងបែបនេះ ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ។
ក្នុងសុន្ទរកថាស្វាគមន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ បានលើកឡើងថា នៅឆ្នាំ២០២៤កន្លងមកនេះ ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានបំពេញភារកិច្ចយ៉ាងសកម្ម ក្រោមកិច្ចសហការទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បណ្តាក្លឹបសមាគមកីឡា ក្នុងរចនាសម្ព័ន្ធនៃកងយោធពលខេមរភូមិន្ទ សហព័ន្ធកីឡាជាតិ និងរចនាសម្ព័ន្ធទាំងឡាយដែលទទួលបន្ទុកអប់រំកាយ កីឡា អង្គការឯកជន អង្គការក្រៅរដ្ឋាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា សមាជិកក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ ស្ថាប័នជាតិ និងអន្តរជាតិផ្សេងៗ និងវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាព ទាំងរចនាសម្ព័ន្ធទន់-រឹង ក្នុងការកសាងអភិវឌ្ឍវិស័យកីឡាកងយោធពលខេមរភូមិន្ទ សំដៅបន្តពង្រឹងគុណភាព សមត្ថភាពកីឡា ប្រកបដោយគុណវុឌ្ឍិ គុណផលខ្ពស់ មានគុណធម៌ សេចក្តីថ្លៃថ្នូរ និងវិន័យម៉ឺងម៉ាត់ សំដៅលើកស្ទួយកិត្តិយស កិត្តិនាម វិស័យកីឡាកងយោធពលខេមរភូមិន្ទ បានប្រែមុខមាត់ថ្មី លើឆាកជាតិ អន្តរជាតិនាពេលអនាគត។
យោងតាមរបាយការណ៍លទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ឧត្តមសេនីយ៍ទោ ខូវ ឆាយ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ និងជានាយកមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៤ មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ បានគ្រប់គ្រងប្រភេទកីឡា មានចំនួន៣៥ប្រភេទ មានប្រដាល់គុនខ្មែរ បាល់ទះ បាល់ទាត់។ល។ ជាមួយគ្នានោះ មជ្ឈមណ្ឌលបានចាត់បញ្ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី ទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡានៅក្នុង និងក្រៅប្រទេស ដោយទទួលបានមេដាយសរុប៦៤២គ្រឿង ក្នុងនោះមានមេដាយមាស៣៦២គ្រឿង ប្រាក់២១៦គ្រឿង និងសំរិទ្ធ១៩៨គ្រឿង ព្រមទាំងទទួលបានខ្សែក្រវាត់៣៦ខ្សែ ពានរង្វាន់ចំនួន២៦ពាន រថយន្ត២គ្រឿង និងម៉ូតូចំនួន២គ្រឿង គួរជាទីមោទនៈ។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា បានមានប្រសាសន៍ថា ឆ្នាំ២០២៤ កន្លងទៅនេះ ជាឆ្នាំទីមួយនៃការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ បានចាត់ទុកវិស័យកីឡា គឺជាការងារអាទិភាពមួយយ៉ាងសំខាន់ ក្នុងការរួមចំណែកកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ បញ្ចៀសបាននូវការប្រព្រឹត្តបញ្ហាសង្គមនានា ដូចជាការប្រើប្រាស់គ្រឿងញៀន អំពើហិង្សា និងង្វើអសីលធម៌ផ្សេងៗ។ កីឡារក្សាបាននូវកម្លាំងកាយរឹងមាំ សុខភាពផ្លូវកាយ-ចិត្តល្អប្រសើរ ប្រាជ្ញាស្មារតីរហ័សរហួន បង្កើនផលិតភាពការងារ ភាតរភាព សុខមាលភាពក្នុងក្រុមគ្រួសារ និងលើកកម្ពស់សុខដុមនីយកម្ម ក្នុងសង្គមជាតិទាំងមូល។ លើសពីនេះ កីឡាក៏ជាការទូតមួយដ៏សំខាន់ ក្នុងការទំនាក់ទំនងផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ពាណិជ្ជកម្ម សម្រាប់អភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ក្រសួងការពារជាតិបានខិតខំប្រឹងប្រែងកសាងអភិវឌ្ឍ វិស័យកីឡាកងយោធពលខេមរភូមិន្ទពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែរីកចម្រើនជាបន្តបន្ទាប់ សំដៅពង្រឹងប្រពៃណីដ៏ល្អត្រចះត្រចង់ ពង្រឹងគុណភាព សមត្ថភាពកីឡា ប្រកបដោយគុណវុឌ្ឍិ គុណផលខ្ពស់ មានគុណធម៌ សេចក្តីថ្លៃថ្នូរ និងវិន័យម៉ឺងម៉ាត់ ដើម្បីលើកស្ទួយកិត្តិយស កិត្តិនាមវិស័យកីឡាកងយោធពលខេមរភូមិន្ទ ប្រែមុខមាត់ថ្មីលើឆាកជាតិ អន្តរជាតិនាពេលបច្ចុប្បន្ន និងទៅអនាគត៕
ដោយ សំ សាម៉ន





