រដ្ឋបាលខេត្តព្រះវិហារប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
AKP ព្រះវិហារ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បានរៀបចំពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ ឆ្នាំ២០២៥ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយមានការអញ្ជើញចូលរួមពី លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត លោក លោកស្រីជា ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ មន្ត្រីរាជការ សិស្សានុសិស្ស ជាច្រើនរូបទៀត។


ក្នុងឱកាសនោះ លោក សុខ សាន្តតារ៉ា បានមានប្រសាសន៍ថា ខេត្តព្រះវិហារបានប្រារព្ធពិធីនេះជារៀងរាល់ឆ្នាំក្នុងគោលបំណងបំផុសស្មារតី ស្រឡាញ់ លើកស្ទួយ និងចូលរួមអភិរក្សថែរក្សា មរតកវប្បធម៌ជាតិ ដល់មហាជន ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដោយជំរុញឱ្យមានការ បង្កើតនូវការដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹងប្រែងកសាងទុកជាសម្បត្តិវប្បធម៌ជាតិ ដ៍សំបូរបែបប្រកបដោយសក្តានុពល ក្នុងការរួមចំណែកអភិវឌ្ឍសង្គម និងភាពសុខសាន្តរបស់ប្រជាជន និងប្រជាជាតិយើង។


លោកអភិបាលរងខេត្តបានបញ្ជាក់ទៀតថា ដើម្បីចូលរួមកាន់តែសកម្មក្នុងសកម្មភាព ថែរក្សាការពារមរតកវប្បធម៌ជាតិយើង យុវជនត្រូវខិតខំទទួលយកនូវចំណេះដឹងជំនាញ បច្ចេកទេស អំពីមរតកមនុស្សរស់នៅ តាមមូលដ្ឋានខ្លួនក្តី តាមរយៈការសិក្សាស្រាវជ្រាវក្តី ដោយយកចិត្តទុកដាក់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងគោលបំណងចងក្រងរក្សាទុក ឱ្យបានគង់វង្សអំពីប្រភពសម្បត្តិវប្បធម៌ជាតិ ដែលជាទ្រព្យសម្បត្តិមរតករួម របស់ប្រជាជាតិយើង ជាគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅថ្ងៃអនាគតជាសកល និងផ្ទេរបន្តដល់យុវជនជំនាន់ក្រោយដើម្បីបន្តវេន៕

ដោយ ទិត ស្រ៊





