កិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់សមាគមប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងផ្សព្វផ្សាយលក្ខន្តិកៈរបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥-- លោកជំទាវ គឹម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តព្រះសីហនុ អញ្ជើញជាកិត្តិយសបើកកិច្ចប្រជុំស្តីពីលទ្ធផលការងាររបស់សមាគមប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងផ្សព្វផ្សាយលក្ខន្តិកៈរបស់សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ របាយការណ៍ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិក សមាជិកា សមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ទី១៧ ខែមីនា ឆ្នាំ២០២៥។

លោកស្រី ម៉ាង សំណាង ប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានជម្រាបជូនពីសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ថា បានឆ្លងកាត់ជា៣ដំណាក់កាល ដោយដំណាក់កាលទី១នៅឆ្នាំ១៩៧៨ មានឈ្មោះសមាគមសង្គ្រោះជាតិកម្ពុជា ដោយផ្តោតលើស្ត្រី និងកុមារ ដំណាក់កាលទី២ ឆ្នាំ១៩៨៣ មានឈ្មោះ សមាគមនារីបដិវត្តកម្ពុជាមានភារកិច្ចលើការងារសង្គម ស្រ្តី និងកុមារ និងទី៣ ឆ្នាំ១៩៩៩ ឈ្មោះសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍ ផ្តោតលើការងារតម្រង់ទិសស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់នារី និងកុមារ ចូលរួមលើកកម្ពស់តួនាទីក្នុងសង្គមតាមរយ:ការអប់រំនារីឪ្យប្រែប្រួលទស្សនៈ ការយល់ដឹងបង្កើនភាពជឿជាក់ចូលរួមអនុវត្តច្បាប់ និងការសម្រេចនានា ដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមប្រកបដោយសមភាព និងសមធម៌ ចូលរួមលើកកម្ពស់សុខុមាលភាពរបស់នារី និងកុមារដោយផ្តល់ការអប់រំ ឧបត្ថម្ភគាំទ្រជាស្មារតីចំណេះដឹងជំនាញ សម្ភារ និងឥណទានសមស្របគ្រប់មធ្យោបាយ ធ្វើជាបណ្តាញផ្តល់ ទទួលផ្សព្វផ្សាយ និងបណ្តុះបណ្តាល ដើម្បីបម្រើផលប្រយោជន៍នារី និងកុមារ។ សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍មានទំនាក់ទំនងដោយប្រកាន់អព្យាក្រឹត្យភាព មិនប្រកាន់និន្នាការនយោបាយមានទំនាក់ទំងយ៉ាងជិតស្និទ្ធក្នុងការផ្តល់មតិយោបល់ ឬផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកជាមួយអាជ្ញាធរមូលដ្ឋាន សមាគម អង្គការជាតិ អន្តរជាតិ និងអង្គភាពជំនាញ ដើម្បីការងារអភិវឌ្ឍផ្សេងៗទៀត។

ទន្ទឹមនឹងនោះ សមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានធ្វើសកម្មភាពការងារសង្គម ការងារមនុស្សធម៌នាំយកអំណោយចែកជូនប្រជាពលរដ្ឋទីទ័លក្រនៅស្រុកកំពង់សិលា ការសំណេះសំណាលនាំយកសម្ភារសិក្សាចែកជូនសិស្សានុសិស្សសាលាបឋមសិក្សាកម្មករ កម្មវិធីសំណេះសំណាលជាមួយប្រធាន អនុប្រធាន សមាជិក សមាជិការសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍខេត្តព្រះសីហនុ និងសកម្មភាពជាច្រើនទៀត។


ជាមួយគ្នានេះដែរ លោកជំទាវ គឹម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានថ្លែងអំណរគុណសមាជិក សមាជិកាដែលបានចូលរួមយ៉ាងសកម្មលើការងារមនុស្សធម៌ និងការងារសង្គម ដើម្បីឆ្លើយតបចំពោះទំនុកចិត្ត និងអនុវត្តការងារស្របតាមលក្ខន្តិកៈ និងបេសកកម្មរបស់សមាគម ដើម្បីអភិវឌ្ឍសមត្ថភាពបន្ថែម សំដៅធានាឱ្យការដឹកនាំ និងការប្រតិបត្តិតួនាទីភារកិច្ចសម្រេចបានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងបន្តបំផុសបងប្អូននារី និងមហាជនគ្រប់ស្រទាប់ឱ្យសកម្មចូលរួមសម្រេចកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជាមួយស្ថាប័នរដ្ឋ អង្គការសង្គមស៊ីវិល ចូលរួមគាំទ្រ និងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលឱ្យសម្រេចជាស្ថាពរ សហការបង្កើត និងបង្កើនឱកាសឱ្យស្ត្រីបានចូលរួម និងធ្វើសកម្មភាពរកប្រាក់ចំណូល ស្របតាមជំនាញវិជ្ជាជីវៈរបស់ខ្លួន ព្រមទាំងបន្តកិច្ចសហការជាមួយស្ថាប័នជំនាញ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការ កេងប្រវ័ញ្ចផលប្រយោជន៍ស្ត្រី និងកុមារ លុបបំបាត់ការរើសអើង និងអំពើហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ ព្រមទាំងការងារជួយជនរងគ្រោះពីបញ្ហានានា ជនទីទ័លក្រ ទុរគតជន និងចាស់ជរាជាដើម៕

ដោយ ងូ សុមុនី





