ឯកឧត្តម ជុំ សុន្ទរី សង្ឃឹមថា កម្ពុជានឹងទទួលបានការពិនិត្យវាយតំលៃជាវិជ្ជមានពីអាមេរិក ពាក់ព័ន្ធនឹងសេចក្តីព្រាងការរឹតត្បិតការចេញចូលអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥--
“ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា មិនទាន់ទទួលបានការជូនព័ត៌មានផ្លូវការណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងករណីដែលថាសហរដ្ឋអាមេរិកបានដាក់កម្ពុជាក្នុងបញ្ជីពណ៌លឿង ដែលជាបញ្ជីក្រុមប្រទេសដែលអាមេរិក ពិចារណារឹតត្បិតការចេញចូលទៅក្នុងទឹកដីអាមេរិក ហើយក្រសួងក៏កំពុងស្វែងរកព័ត៌មានបន្ថែមតាមផ្លូវការទូតផងដែរ”។ នេះជាការលើកឡើងរបស់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ។

ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ “ថ្មីៗនេះកម្ពុជាបានអះអាងជាផ្លូវការអំពីការបន្តកិច្ចសហប្រតិបត្តិការយ៉ាងពេញលេញជាមួយសហរដ្ឋអាមេរិក ដើម្បីពន្លឿនការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរ ដែលមានការសំរេចឱ្យបញ្ជូនចេញពីសហរដ្ឋអាមេរិក។ ក្នុងស្មារតីនេះ ក្រសួងការបរទេស ក្រសួងមហាផ្ទៃ និងស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បាននិងកំពុងផ្តល់កិច្ចសហប្រតិបត្តិការជាមួយភាគីអាមេរិក”។
បន្ថែមពីលើនេះ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់ដែរថា៖ “យើងបានដោះស្រាយការងារនេះជាបន្តបន្ទាប់រួចហើយ និងកំពុងបន្តសម្ភាស និងចេញលិខិតធ្វើដំណើរជូនពលរដ្ឋខ្មែរដែលត្រូវធ្វើមាតុភូមិនិវត្តន៍។ ហើយយើងពុំឃើញមានឧបសគ្គអ្វីដែលអាចរាំងស្ទះដល់ដំណើរការការងារនេះឡើយ។
ឯកឧត្តមអ្នកនាំពាក្យ ជឿជាក់ថា ផ្អែកលើកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជាក្នុងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរមកពីសហរដ្ឋអាមេរិក និងទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ន កម្ពុជានឹងទទួលបានការពិនិត្យវាយតម្លៃជាវិជ្ជមានពីសហរដ្ឋអាមេរិក។
សូមរម្លឹកថា សារព័ត៌មាន New York Times កាលពីពេលថ្មីៗនេះ បានចុះផ្សាយថា រដ្ឋបាលឯកឧត្តមប្រធានាធិបតី ដូណាល់ ត្រាំ កំពុងពិចារណា រឹតត្បិត ឬហាមឃាត់ការធ្វើដំណើរចូលទឹកដីអាមេរិក ចំពោះប្រជាពលរដ្ឋមកពីជាង៤០ប្រទេស ក្នុងនោះមានកម្ពុជា ដែលស្ថិតក្នុងបញ្ជីពណ៌លឿង។
សូមបញ្ជាក់ថា បញ្ជីពណ៌លឿង គឺមិនផ្តល់វីសាជូន ប៉ុន្តែកំណត់៦០ថ្ងៃដើម្បីឱ្យធ្វើការតវ៉ា ហើយបើហួស៦០ថ្ងៃ ប្រទេសពណ៌លឿង និងបញ្ចូលទៅក្នុងប្រទេសពណ៌ទឹកក្រូច៕
ដោយ ផែន រតនៈ





